(ភ្នំពេញ)៖ សិក្ខាសាលាមួយស្តីពី «បច្ចុប្បន្នភាពច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» ត្រូវបានផ្សព្វផ្សាយលម្អិតដោយនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដល់សិក្ខាកាមដែលជាសមាជិក សមាជិកានៃសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា តំណាងឲ្យរោងចក្រ សហគ្រាសសរុបជាង ១០០ក្រុមហ៊ុនចូលរួម ។

សិក្ខាសាលានេះធ្វើឡើងនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាល Singapore (Cambodia) International Academy (SCIA) ដោយមានសិក្ខាកាមចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ឋវីដេអូសរុបជាង ១០០ក្រុមហ៊ុន ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានកិតិ្តយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានថ្លែងថា មកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា នៅតែជាប្រទេសអាទិភាពដែលអំណោយផលដល់ការវិនិយោគទូទៅ មិនថាជាការវិនិយោគក្នុងស្រុក ឬវិនិយោគពីក្រៅស្រុក តាមរយៈកត្តាមួយចំនួនដូចជា កត្តាស្ថេរភាពនយោបាយ សន្តិភាព ទីតាំងភូមិសាស្ត្រ កម្លាំងពលកម្ម ហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋអនុគ្រោះពន្ឋ និងលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀត ដែលបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន។ ជាសមិទ្ឋផល ដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ឋ ជាពិសេសស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា បច្ចុប្បន្នវិស័យឧស្សាហកម្មនៅទូទាំងប្រទេសមានចំនួន ១៧,២៥៦សហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតចំនួនជាង ១,៥លាននាក់។

អ្នកឧកញ៉ា បានបន្តថា ក្រៅពីនេះ វិស័យនេះក៏ជាប្រភពនៃការជំរុញសេដ្ឋកិច្ច ផ្ទេរបច្ចេកវិទ្យា និងបើកទីផ្សារថ្មីសម្រាប់អាជីវកម្មកម្ពុជា។ នៅពេលដែលវិស័យនេះនៅតែបន្តរីកចម្រើន វានឹងដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

បន្ថែមពីនេះ លោកបណ្ឌិត សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាជនដោយផ្ទាល់ និងដោយប្រយោល។ ជាក់ស្តែងសមិទ្ឋផលកាលពី ៥ឆ្នាំកន្លងទៅ កម្ពុជាបានអនុម័តលើគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១២៣៨ ក្នុងទុនសរុបប្រមាណ ៣៣ប៊ីលានដុល្លារអាមេរិក ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋចំនួនប្រមាណ ១លានកន្លែង។

គោលបំណងនែការចងក្រងច្បាប់វិនិយោគថ្មីនេះ គឺដើម្បីបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហរ មានតម្លាភាព ក្នុងការជំរុញការអនុវត្តប្រកបដោយ គុណភាព ប្រសិទ្ឋភាព និងប្រសិទ្ឋផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ផងដែរថា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងត្រូវបានអនុម័តជាថ្មីដោយរាជរដ្ឋាភិបាល តាមរយៈអនុក្រឹតលេខ១៣៩ អន ក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ឋភាព៕