(កំពត)៖ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ និងជាប្រធានបណ្តុំឃុំចំនួន៣ នៃស្រុកទឹកឈូ បានថ្លែងថា «សន្លឹកឆ្នោតរបស់ពលរដ្ឋមួយសន្លឹកពិតជាមានតម្លៃសម្រាប់ជាតិ និងជាការពូនជ្រុំឫសគល់ នៃដើមឈើប្រជាធិបតេយ្យនៅកម្ពុជាឱ្យរីកធំធាត់ និងកាន់តែមានភាពចាស់ទុំនយោបាយ និងមានស្ថិរភាពនយោបាយដែលជាបុព្វលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិ»

ការថ្លែងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់បណ្តុំឃុំ ៣ នៃស្រុកទឹកឈូ ខេត្តកំពតរួមមានឃុំម៉ាកប្រាង្គ ឃុំស្ទឹងកែវ និងឃុំកំពង់ក្រែងនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នៅស្នាក់ការគណបក្សឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។

នាឱកាសនោះដែរ បានលើកឡើងថាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបានផ្តល់សេចក្តីទុកចិត្តដល់អ្នកធ្វើពិតប្រាកដ និងជាអ្នកដែលការពារជាតិនិងការពារប្រជាជនពិតប្រាកដ។

លោក នេត្រ ភក្ត្រា ក៏បានកោតសរសើរមន្ត្រីបក្សនៃបណ្តុំឃុំទាំង៣ ដែលបានបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីតម្លៃនៃសន្លឹកឆ្នោតរបស់ខ្លួន និងការបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អដោយអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសឱ្យរីកចម្រើកាន់តែខ្លាំងថែមទៀត។

អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ បានបន្តថា ក្រោយការឆ្លងកាត់ការបោញឆ្នោតជាច្រើនអាណត្តិមកនេះ និងជាមួយការធ្វើអំពើល្អរបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកសាងជំនឿទុកចិត្តយ៉ាងរឹងមាំក្នុងចំណោមប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយគណបក្សប្រជាជនកម្ពុជាតែងតែទទួលការគាំទ្រពីពលរដ្ឋ និងមានសំឡេងឆ្នោតកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ។

ទន្ទឹមនឹងនេះ លោក នេត្រ ភក្ត្រា បានជំរុញ និងលើកទឹកចិត្តមន្ត្រីបក្សមូលដ្ឋានបន្តយកចិត្តទុកដាក់ក្នុងការឃោសនាបោះឆ្នោតរហូតដល់ ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីប្រជាពលរដ្ឋទទួលបានសារសំខាន់ៗនៃកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជាដើម្បីអភិវឌ្ឍប្រទេស ព្រមទាំងលេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោត និងការបោះឆ្នោតដោយត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក នេត្រ ភក្ត្រា បានអំពាវនាវកុំដើរតាមផែនការទុច្ចរិតរបស់ក្រុមជនក្បត់ជាតិ៣ជំនាន់ ដែលព្យាយាមបំផ្លាញការបោះឆ្នោត និងបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយបានជំរុញប្រជាពលរដ្ឋអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ ដោយអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ៕