(ភ្នំពេញ)៖ បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ជិះម៉ូតូមួយគ្រឿង បុករថយន្ដក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ឡូង ម៉េង (LM) ចំពីបុកមុខ បណ្ដាលឱ្យរងរបួស បែកចិញ្ចើម ចំណែកម៉ូតូខូចខាតយ៉ាងដំណំ គៀបជាប់ក្រោមកង់រថយន្ដ។
ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេកើតហេតុគេឃើញបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ជិះម៉ូតូមួយគ្រឿងម៉ាកScoopy ពាក់ស្លាកលេខភ្នំពេញ1FT-2869 បើកបរក្នុងទិសដៅ ពីកើតទៅលិច ចំណែករថយន្ដរបស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ LM Concrete បើកបរច្រាស់ទិសគ្នា លុះដល់ចំណុចខាងលើ ម៉ូតូបានរេចង្កូតចូលផ្លូវរបស់រថយន្ដ ហើយបុកចំពីមុខ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ រងរបួសបែកចិញ្ចើម រីឯម៉ូតូគៀបជាប់កង់រថយន្ដខាងឆ្វេង រងការខូតខាតស្ទើរទាំងស្រុង។
ក្រោយពេលកើតហេតុភាគីទាំង២ បានព្យាយាមសម្រួលគ្នាដែរ តែមិនត្រូវ ទើបសមត្ថកិច្ចជំនាញយករថយន្ដ និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយតាមក្រោយ៕