(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកអូរាំងឪ បានទទូចសុំឱ្យប្រជាពលរដ្ឋក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីលោកមានឱកាសជួយអភិវឌ្ឍន៍ស្រុកអូរាំងឪបន្តទៀត។
នៅព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក អ៊ាង សុផល្លែត រួមជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូរាំងឪ បានបន្តចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ ក្នុងយុទ្ធនាការនេះ លោក អ៊ាង សុផល្លែត និងក្រុមការងារបានចុះជួបអាជីវករក្នុងផ្សារអូរាំងឪ និងបានចុះជួបប្រជាពលរដ្ឋនៅក្នុងឃុំមៀនផងដែរ។
ក្នុងជំនួបនោះ ក្រៅតែពីលើកបង្ហាញសមិទ្ធផលរបស់ជាតិកើតមានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលមកពីបក្សប្រជាជនកម្ពុជាហើយនោះ លោក អ៊ាង សុផល្លែត ក៏បានគូសរំលេចពីសមិទ្ធផលមួយចំនួននៅក្នុងស្រុកអូរាំងឪ ដែលក្រុមការងារចូលរួមចំណែកសាងសង់ឡើងសម្រាប់ប្រជាពលរដ្ឋក្នុងអាណត្តិទី៦ផងដែរ។
សមិទ្ធផលដែលលោក អ៊ាង សុផល្លែត និងក្រុមការងារបានយកចិត្តទុកដាក់រួមចំណែកជួយប្រជាពលរដ្ឋក្នុងស្រុកអូរាំងឪនោះ រួមមានលើវិស័យធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង។ លើវិស័យធនធានមនុស្ស លោក សុផល្លែត បានចូលរួមចំណែកផ្តល់សម្ភារៈសិក្សា ជួយរកអាហារូបករណ៍ ជួយជីកអណ្តូងតាមសាលារៀន, លើវិស័យផ្លូវ លោក សុផល្លែត បានជួយសាងសង់ផ្លូវបេតុងជាច្រើនខ្សែ ហើយសម្រាប់ផ្លូវដី គឺបានជួយពង្រាយ និងបង្ហាប់ក្រោមយុទ្ធនាការ «ផ្លូវរលោង» ដើម្បីសម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋ។
ដោយឡែកពាក់ព័ន្ធវិស័យភ្លើង លោក អ៊ាង សុផល្លែត បានរៀបចំបំពាក់អំពូលភ្លើងប្រើថាមពលសឡា ដែលលោកហៅថា «ភ្លើងអំពូលទេវតា» នៅតាមផ្លូវខ្នងផ្ទះរបស់ប្រជាពលរដ្ឋជាង ២ម៉ឺនផ្ទះផងដែរ។ លោក សុផល្លែត ក៏បានសហការជាមួយអាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋាន ពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។
តាមរយៈកិច្ចការទាំងនេះ បានចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកអូរាំងឪ ឱ្យកាន់តែល្អប្រសើរ។ ក្នុងឱកាសជួបជាមួយអាជីវករ ក៏ដូចជាប្រជាពលរដ្ឋនាព្រឹកមិញនេះ លោក សុផល្លែត បានស្នើសុំឱ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារូបសញ្ញាទេវតាបាចផ្កា លេខ រៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីរូបលោក និងក្រុមការងារបានរួមចំណែកជួយអភិវឌ្ឍន៍ ជាពិសេសសម្រេចផែនការអភិវឌ្ឍ ដែលលោកបានគ្រោងទុកនោះ។
លោក អ៊ាង សុផល្លែត ក៏បានបង្ហាញពីរបៀគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដូចការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមិនត្រូវធ្វើតាមការញុះញង់ណាមួយ ដែលជាការបំផ្លាញដល់ដំណើរប្រជាធិបតេយ្យនៅកម្ពុជានោះឡើយ៕