(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពផ្លូវនៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់។
បើតាមលោក ឌួល ស៊ុន មន្ត្រីបច្ចេកទេស នៃការិយាល័យផែនការវិនិយោគ ខេត្តកំពង់ចាម បានឱ្យដឹងថា បច្ចុប្បន្នផ្លូវដីក្រហម ពីភូមិគីឡូលេខ១០ ក្នុងឃុំអារក្សត្នោត តភ្ជាប់ទៅឃុំទួលសំបួរ ក្នុងស្រុកស្ទឹងត្រង់ មានប្រវែងជាង ១៤គីឡូម៉ែត្រ។
លោក ឌួល ស៊ុន បន្តថា បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចុះពិនិត្យវឌ្ឍនភាពនៃផ្លូវនោះ បានមានផែនការ និងចាត់មន្ត្រីជំនាញ ចុះធ្វើការសិក្សាដើម្បីរៀបចំផែនការអភិវឌ្ឍន៍ផ្លូវនោះឱ្យក្លាយ ទៅជាផ្លូវក្រាលកៅស៊ូប្រភេទ DBST។ ដូច្នេះបច្ចុប្បន្ន ក្រុមការងាររបច្ចេកទេស និងអាជ្ញាធរឃុំអារក្សត្នោត និងឃុំទួលសំបួរ កំពុងចុះសិក្សាផ្លូវនោះ។
លោក ឌួល ស៊ុន បានបញ្ជាក់ថា ផ្លូវមួយខ្សែនោះមានគម្រោងសាងសង់ប្រវែងជាង ១៤គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ អាចម៍កៅស៊ូ ស្មើចិញ្ចើមផ្លូវសងខាង ៣ម៉ែត្រទៀត។ ប៉ុន្តែការបរិច្ឆេទសាងសង់ លោកមិនទាន់ដឹងច្បាស់នៅឡើយទេ៕