(ពោធិ៍សាត់)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តទទួលថវិកា ជំហានទី៣ ពីបណ្តាមន្ទីរអង្គភាព និងសប្បុរសជន បានចំនួន៥៣លាន ២០០ពាន់រៀល និង៤៦,៥០០ដុល្លារ ក្នុងឱកាសអបអរសាទរខួបលើកទី១៦០ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ស្ថិតក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

មន្ទីរអង្គភាព សប្បុរសជន និងព្រះមន្ត្រីសង្ឃ ដែលបានចូលរួមឧបត្ថម្ភថវិកា ៨ ឧសភា ឆ្នាំ២០២៣ រួមមាន៖ តាមរយៈលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគិ្គសនីកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ថវិកា៤ម៉ឺនដុល្លារ, ព្រះពោធិសត្វមេត្តាមហានុរក្ស ហួត សុធា ព្រះមេគណ គណៈធម្មយុត្តខេត្ត ថវិកា១លានរៀល, ឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត ថវិកា៤០លានរៀល, ឧកញ៉ា ភួ ពុយ និងលោកស្រី ថវិកា៥០០០ដុល្លារ, មន្ទីរសុខាភិបាលខេត្ត ថវិកា៤លានរៀល, លោក កែវ រិទ្ធី និងលោកស្រី ថវិកា៥០០ដុល្លារ, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ថវិកា២លានរៀល, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ថវិកា២លានរៀល, លោកស្រី ថាំ សុគន្ធា ថវិកា៥០០ដុល្លារ, លោក អៀ ឆៃងីន និងលោកស្រី ថវិកា៥០០ដុល្លារ, ស្នងការដ្ឋាននគរបាលខេត្ត ថវិកា២លានរៀល, សហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង ថវិកា១លាន៥០ម៉ឺនរៀល, មន្ទីរប្រៃសនីនិងទូរគមនាគមន៍ខេត្ត ថវិកា១លានរៀល, លោក ឃិន យឿន ថវិកា២០០ដុល្លារ, កញ្ញា អ៊ុន ដាលី ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ថវិកា៤០ម៉ឺនរៀល, លោកស្រី ថៃ សុវណ្ណារី ថវិកា២០ម៉ឺនរៀល និងលោកស្រី ឡេង ប៊ុនមាន ថវិកា១០ម៉ឺនរៀល។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានជម្រាបជូនថា ក្នុងឱកាសអបអរសាទរខួបលើកទី១៦០ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្ន» ឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក ព្រះមន្ត្រីសង្ឃ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជីវករ ពាណិជ្ជករ រោងចក្រ សហគ្រាស និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន តែងតែបានចូលរួមគាំទ្របរិច្ឆាគទាំងថវិកា សម្ភារៈ ទៅតាមលទ្ធភាព និងដោយស្មោះស្ម័គ្រ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីមានធនធានសម្រាប់បន្តផ្តល់សេវាកម្មមនុស្សធម៌ ពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាក ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របទៅតាមគោលការណ៍គ្រឹះ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ក្នុងនាមប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះមេគណ គណៈធម្មយុត្តខេត្ត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ទីរអង្គភាព និងសប្បុរសជន ដែលមានសទ្ធាជ្រះថ្លា បរិច្ឆាគថវិកាជូនសាខា ក្នុងជំហានទី៣នេះ បានចំនួន៥៣លាន ២០០ពាន់រៀល និង៤៦,៥០០ដុល្លារ សរុបរួមទាំងអស់ បានចំនួន៥៩,៨០០ដុល្លារអាមេរិក។

លោកបានសន្យាថា នឹងយកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗ ទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទទួលថវិកាក្នុងជំហានទី១ និងជំហានទី២កន្លងមកនេះ បានចំនួន ៤៨,២០២ដុល្លារអាមេរិក សរុបទាំង៣លើក បានចំនួន ១០៨,០០២ដុល្លារអាមេរិក ហើយក៏នៅមានបណ្តាមន្ទីរ អង្គភាព និងសប្បុរសជន ចូលរួមជាបន្តបន្ទាប់ថែមទៀត៕