(ភ្នំពេញ)៖ លោកតា ម៉ក់ ហឺន អ្នកវិភាគបញ្ហាសង្គមដ៏ល្បីមួយរូបតាមបណ្តាញសង្គមហ្វេសប៊ុក និងរស់នៅអាមេរិក បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីមកបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ពេលដល់ប្រទេសកម្ពុជាភ្លាម និងជាថ្មីម្តងទៀត លោកបានអំពាវនាវប្រជាពលរដ្ឋ ដែលមានសិទ្ធិ និងគ្រប់អាយុទៅបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ ដើម្បីអនាគតប្រទេសជាតិយើងទៅថ្ងៃមុខ។
ការថ្លែងអំពាវនាវជាថ្មីរបស់លោកតា ម៉ក់ ហឺន ក្នុងឱកាសនាំគ្រួសារ និងក្រុមការងារចុះមកពិនិត្យមើល មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលមានការទទួលស្វាគមន៍ ដោយផ្ទាល់ពីលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមទាំងមន្ដ្រីថ្នាក់ដឹកនាំមួយចំនួនទៀត។
លោកតា ម៉ក់ ហឺន បានថ្លែងថា «ខ្ញុំជិះយន្ដហោះពីក្រៅប្រទេសមកដល់កម្ពុជា តម្លៃយន្ដហោះជាង៤ពាន់ដុល្លារ គឺដើម្បីមកបោះឆ្នោត ពិសេសចង់ឱ្យប្រជាជនយើងបានយល់កាន់តែច្បាស់ ពីសារៈសំខាន់នៃការបោះឆ្នោតនេះ កុំវិលវល់ជាមួយអ្នកចង់បំផ្លាញជាតិយើងនោះ មិនទៅបោះឆ្នោត ឬគូសចោលសន្លឹកឆ្នោត។ «សន្លឹកឆ្នោតខ្ញុំមានមួយសន្លឹកដូចគ្នា មានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិយើង ដើម្បីអនាគត យើងទៅថ្ងៃខាងមុខ ដូច្នេះហើយប្រជាពលរដ្ឋយើងដែលរស់នៅទីនេះស្រាប់ ចាក់សាំងតែកន្លះលីត្រទេទៅបោះឆ្នោតបានហើយ»។
«ពិតណាស់ថា ថ្វីត្បិតតែច្បាប់ ឱ្យអ្នកទៅបោះឆ្នោតក៏បាន មិនទៅបោះឆ្នោតក៏បាន ប៉ុន្ដែខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋយើងថា ត្រូវតែទៅបោះឆ្នោតតែម្ដង ដើម្បីអនាគតរបស់យើងទាំងអស់គ្នា ពិសេសដើម្បីសុខសន្ដិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យដូចនាពេលបច្ចុប្បន្ននេះ។ លោកបន្ថែម។
លោកតា ម៉ក់ ហឺន បានឱ្យដឹងថា លោកមកដល់កម្ពុជាលើកនេះ កាន់តែធ្វើឱ្យលោកវង្វេងតែម្ដងពីភាពអស្ចារ្យរបស់កម្ពុជា ពិសេសវង្វេងនឹងការអភិវឌ្ឍមានភាពលឿនរហ័ស ចង្អុលទិសលែងចង់ត្រូវហើយ ក្រោមស្នាដៃរបស់សម្ដេចតេជោ រួមទាំងមន្ដ្រីគ្រប់ជាន់ថ្នាក់គ្រប់វិស័យទាំងអស់។
លោកតា ម៉ក់ ហឺន បានបន្ថែមថា សូម្បីតែមន្ទីរពេទ្យក៏បានកសាងថ្មីៗជាច្រើន ជាក់ស្ដែងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព គឺមានអគារច្រើនធំទូលាយ មានទាំងអគារសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺប្រកបដោយស្ដង់ដា មានបំពាក់នូវឧបករណ៍ទំនើបៗ គ្រូពេទ្យ និងគិលានុដ្ឋាក រួសរាយរាក់ទាក់ ចាំបម្រើសេវាពិនិត្យព្យាបាលប្រជាពលរដ្ឋ ពិសេសមានគ្រែសម្រាប់អ្នកជំងឺ រហូតដល់ទៅ១ម៉ឺនគ្រែ។ ជាងនេះទៅទៀត មានអគារសម្រាប់គ្រូពេទ្យសម្រាក អាហារដ្ឋាន ហាងកាហ្វេជាដើម។
សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មកដល់ពេលនេះបានបង្អួចរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដែលមានរហូតជិត១ម៉ឺនគ្រែ។
មន្ទីរពេទ្យជាតិដ៏ធំមួយនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ហើយមន្ទីរពេទ្យជាតិនេះ មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7)។
សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់ មានប្រមាណ១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស អគារ T1, T2៕