(បាត់ដំបង)​៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋស្ថិតក្នុង

ភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

លោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌល បានលើកឡើងថា សម្រាប់ស្រុករតនមណ្ឌលនេះ ផ្អែកទៅតាមការណែនាំ ចង្អុលបង្ហាញពីលោកអភិបាលខេត្តបាត់ដំបង និងក្រុមការងារ គ្រប់គ្រងដីរដ្ឋ បានអនុញ្ញាតឲ្យភូមិស្តៅ នៃឃុំស្តៅ ក្នុងស្រុករតនមណ្ឌល ធ្វើការចុះបញ្ជី មានលក្ខណៈ ជាប្រព័ន្ធ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល មានចំនួន១,៤២៧ក្បាលដី និងបំពេញ បានសម្រេចតាមលក្ខណៈ ច្បាប់មានចំនួន១,៣៤៥ក្បាលដី និងបានកំពុងសិក្សាដើម្បីអនុវត្តនៅភូមិផ្សេងៗទៀតនៃឃុំស្តៅបន្តបន្ទាប់ទៀត។

លោក សួន សុភា ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់និង​សុរិយោដីខេត្តបាត់ដំបង បានលើកឡើងថា ប្រជាពលរដ្ឋ លោក មេភូមិ ព្រឹទ្ធាចារ្យ និងលោកមេឃុំបានចូលរួមយ៉ាងសកម្ម ក្នុងការងារអនុវត្តគម្រោងចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះគាត់បានមកពិនិត្យបញ្ជីឈ្មោះ និងប្លង់សុរិយោដី ព្រមទាំងបានដាក់ពាក្យសុំកែតម្រូវផងដែរ ។

លោក សុខ លូ បានណែនាំអាជ្ញាធរត្រូវពន្លឿនដល់ការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាធ្វើការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋប្រើប្រាស់ ឲ្យបានឆាប់
រហ័ស ព្រោះថាបើមិនខិតខំដោះស្រាយទំនាស់ដីធ្លីនេះទេ គឺការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺមិនងាយនឹងបានផ្ដល់ជូនប្រជាពលរដ្ឋឡើយ។

លោកបានលើកឡើងថា ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដោយឲ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ឲ្យបានឆាប់រហ័ស និងឲ្យបានកាន់តែច្រើន។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុនេះ សូមប្រើប្រាស់ ឲ្យបានត្រឹមត្រូវ និងបើសិនជាអាចសូមកុំធ្វើការលក់ដូរ ដោយទុកជាទ្រព្យសម្បត្តិ សម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថា បើយើងធ្វើការលក់ដូរដីធ្លីនេះអស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកសិករទាំងអស់នឹងបាត់បង់ចំណូលដោយសារប្រជាពលរដ្ឋពុំមានដីសម្រាប់ធ្វើការដាំដុះដំណាំកសិកម្មផ្សេងៗ ពុំមានកន្លែងសម្រាប់សង់លំនៅដ្ឋានដើម្បីរស់នៅ ក៏ដូចជាកូនចៅជំនាន់ក្រោយពុំមានដីសម្រាប់ការដាំដំណាំ និងការស្នាក់នៅជាដើម ។

លោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមធ្វើការចូលរួមបោះឆ្នោត ឲ្យបានទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីបំពេញជាកាតព្វកិច្ច របស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋ និងជ្រើសរើសអ្នកតំណាងដែលមកពីគណបក្សដែលខ្លួនស្រឡាញ់ ដោយក្នុងនោះពេលត្រឡប់ទៅគេហដ្ឋានវិញ សូមធ្វើការត្រួតពិនិត្យ ឯកសាររបស់ខ្លួន ដូចជាអត្តសញ្ញាណប័ណ្ណជាដើម ហើយបើសិនជាបាត់អត្តសញ្ញាណប័ណ្ណ សូមរួសរាន់ដើម្បីធ្វើ ឯកសារបញ្ជាក់អត្តសញ្ញាណខ្លួន ឲ្យបានមុនថ្ងៃ២១ខាងមុខនេះ ទើបយើងមានសិទ្ធិចូលរួមបោះឆ្នោត នាពេលខាងមុខនេះផងដែរ៕