(ស្វាយរៀង)៖ ជុំវិញរឿងរ៉ាវជនជាតិវៀតណាមជាច្រើននាក់ នាំគ្នាស្រែកដង្ហោយឲ្យគេជួយនូវអគារជាន់ទី៦ នៃកាស៊ីណូប៉ារីសបូព៌ា ក្រុងបាវិត ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានស្នងការនគរបាលខេត្តស្វាយរៀង លាតត្រដាងថា ជាករណីតវ៉ាសុំអន្តរាគមន៍ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារមួយចំនួន មិនមែនករណីចាប់ជំរិតឡើយ។
យោងតាមរបាយការណ៍ នៃស្នងការនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៣៖៣០នាទីល្ងាច មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា បានឃើញបុគ្គលិកក្នុងក្រុមហ៊ុនកាស៊ីណូបារីសបូព៌ា វាយកញ្ចក់អាគារជាន់ទី៦ ផ្នែកខាងក្រោយ ហើយស្រែកស្នើសុំអន្តរាគមន៍។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការសម្របសម្រួលពីតំណាងអយ្យការ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ជាជនជាតិវៀតណាម សរុបចំនួន៣៥នាក់ ស្រី១០នាក់ ប្រមូលផ្តុំគ្នាមិនធ្វើការ នៅអាគារជាន់ទី៦ និងឃើញមានការខូចខាត សម្ភារតុកៅអី និងកុំព្យូទ័រ របស់ក្រុមហ៊ុនមួយចំនួនផងដែរ។
សមត្ថកិច្ចបានអញ្ជើញបុគ្គលិកជាជនជាតិវៀតណាម ទាំង៣៥នាក់ខាងលើ ទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ។ ក្រោយពីសមត្ថកិច្ច បានធ្វើការសាកសួរជាបឋម បុគ្គលិកទាំង៣៥នាក់ខាងលើ ពួកគាត់បានឆ្លើយប្រាប់សមត្ថកិច្ចថា ពួកគេតវ៉ាសុំអន្តរាគមន៍ ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារមួយចំនួន។
បច្ចុប្បន្នបុគ្គលិកទាំង៣៥នាក់ រួមជាមួយ រដ្ឋបាលក្រុមហ៊ុនម្នាក់ និងអ្នកគ្រប់គ្រងម្នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងបាវិត៕