(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងពីការព្រួយបារម្ភរបស់ពលរដ្ឋ លើការដាំបង្គោលអង់តែងទូរស័ព្ទចល័ត ដែលពួកគាត់តែងតែយល់ច្រឡំថា ការដាំបង្គោលអង់តែននឹងបង្កហានីភ័យដល់សុខភាព។
លោក ជា វ៉ាន់ដេត បានថ្លែងថា ការដាំបង្គោលអង់តែងទូរស័ព្ទចល័តនេះ មិនផ្ដល់ផលប៉ះពាល់ណាមួយ ដល់សុខភាពនោះឡើយ ប្រសិនបើប៉ះពាល់ដល់សុខភាព ម្ល៉េះអីនៅលើពិភពលោកទាំងមូល មិនមានការប្រើប្រាស់បង្គោលអង់តែននោះឡើយ។
ការអំពាវនាវរបស់លោក ជា វ៉ាន់ដេត ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
លោក ជា វ៉ាន់ដេត បានថ្លែងថា ក្រុមហ៊ុនប្រតិបត្តិករ និងក្រសួងបានដាក់ផែនការកំណត់ទីតាំង សាងសង់បង្គោលអង់តែងចំនួន ៨៨បង្គោល ហើយរយៈពេលជាងមួយឆ្នាំហើយ ដែលក្រុមការងារក្រសួងបានសាងសង់បង្គោលអង់តែង ៧០បង្គោលរួចហើយ ហើយនៅសល់ ១៨បង្គោលទៀតតែប៉ុណ្ណោះ ដែលពុំទាន់បានសាងសង់ ដោយសារតែពលរដ្ឋមិនអនុញ្ញាតឲ្យសាងសង់ ព្រោះយល់ថា ការសាងសង់បង្គោលអង់តែន បានប៉ះពាល់ដល់សុខភាព។
លោកបានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា បង្គោលអង់តែងមិនមានផ្ដល់ផលប៉ះពាល់ដល់សុខភាពណាមួយឡើយ ប្រសិនជាផ្ដល់ផលប៉ះពាល់ដូច្នេះលើពិភពលោក មិនមានអ្នកណាប្រើបង្គោលអង់តែននោះឡើយ។ បើនៅប្រទេសគេវិញបង្គោលអង់តែន គឺនៅពីលើក្បាលតែម្ដង ព្រោះនៅគ្រប់អាគារទាំងអស់ ដូច្នេះប្រសិនផ្ដល់ផលប៉ះពាល់ម្ល៉េះប្រជាជនបរទេស នឹងមានផលប៉ះពាល់ជាពុំខាន ដូច្នេះសូមឲ្យពលរដ្ឋយល់លើបញ្ហានេះ ហើយអនុញ្ញាតឲ្យក្រុមហ៊ុន និងក្រសួងបន្ថែមសេវា ដែលបានខិតខំប្រឹងប្រែងធ្វើកន្លងមក»។
លោក ជា វ៉ាន់ដេត ជំរុញឱ្យអ្នកប្រើប្រាស់ទាញយកនូវនូវកម្មវិធី MPTC Speed Test ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់ ដឹងថាទីកន្លែងរបស់ខ្លួនមានសេវា ឬអត់។ បើអត់អាចប្តឹងមកក្រសួងបាន។
សូមជម្រាបផងដែរថា កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់ អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។
មិនតែប៉ុណ្ណោះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ ឲ្យកាន់តែប្រសើរ៕