(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ ស្រវឹងជោគជាំ បានបើករថយន្ដបុករបាំងដែក របស់សមត្ថកិច្ចដែលកំពុងត្រួតពិនិត្យ ជាតិអាល់កុលតាមដងផ្លូវ បាក់អស់២ផ្ទាំង រួចបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចដេញចាប់បានវិញ។
ហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
មន្ដ្រីនគរបាលចរាចរណ៍ ដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ ខណ្ឌទួលគោក បានដាក់កម្លាំងត្រួតពិនិត្យ ជាតិអាល់កុលដូចសព្វមួយដង តែពេលកំពុងត្រួតពិនិត្យនោះ ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក Luxes 330 ពាក់ស្លាកលេខ ភ្នំពេញ 2AE-9419 ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ដោយសារតែអ្នកបើកបរស្រវឹង ក៏បានរេចង្កូតទៅបុករបាំងដែក របស់សមត្ថកិច្ចអស់២ផ្ទាំង ធ្វើឱ្យសមត្ថកិច្ចរត់ចែកជើងគ្នា រួចអ្នកបើកបរបានបើករត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចនាំគ្នាដេញចាប់បានវិញ។ បន្ទាប់មកជនបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ក្រុង ដើម្បីចាត់ការតាមច្បាប់៕