(កណ្តាល)៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល និងជាបេក្ខជនតំណាងរាស្រ្ត មណ្ឌលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលយុទ្ធនាការឃោសនាបោះឆ្នោត និងការត្រៀមហែក្បួន បិទយុទ្ធនាការឃោសបោះឆ្នោត ព្រមទាំងដាក់ចេញ ទិសដៅ ភារកិច្ចអនុវត្តបន្ត សំដៅដណ្តើមជ័យជំនះ ឲ្យខាងតែបានជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ដើម្បីថែរក្សា សន្តិភាព និងស្ថេរភាព និងដើម្បីគណបក្សអាចបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនជឿនលឿន។

អង្គប្រជុំបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីសភាពការណ៍ និងលទ្ធផល នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តាឃុំទាំង ៧ ក្នុងមូលដ្ឋាន ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានប្រព្រឹត្ត ទៅដោយរលូន, មានសន្តិសុខ, សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ ព្រមទាំងគ្មានអំពើហិង្សា។

អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែង របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់, សកម្មជន និងយុវជនទាំងអស់ ដែលបានចូលរួមយ៉ាង សស្រាក់សស្រាំ និងប្រកៀកស្មា ស្រុះដៃគ្នាល្អ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ពិសេសការផ្សព្វផ្សាយកម្មវិធី គោលនយោបាយរបស់គណបក្ស, ការចុះជួបសមាជិក តាមខ្នងផ្ទះ និងតាមមណ្ឌលសកម្មភាពបក្ស និងការពិនិត្យឯកសារបោះឆ្នោត ព្រមទាំងការបង្រៀន គូសសន្លឹកឆ្នោត ក៏ដូចជាការចូលរួមក្នុងសកម្មភាព មនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតផ្នែកជីវភាព និងជនចាស់ជរាគ្មានទីពឹងជាដើម។

ជារួមអង្គប្រជុំ បានធ្វើការវាយតម្លៃថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តនាំមុខ ហើយកាន់តែទទួលបាននូវការគាំទ្រ ពីប្រជាជនច្រើនជាលំដាប់ ដែលឆ្លុះបញ្ចាំង តាមរយៈចរន្ត នៃការសុំចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ពីសំណាក់អ្នកគាំទ្រ និងសកម្មជនគណបក្សដទៃ ហើយពិសេស គឺការស្រលាញ់ពេញចិត្ត និងការគាំទ្រ របស់ប្រជាជនដ៏ច្រើនលើសលប់ ចំពោះសម្តេចតេជោ ហ៊ុន សែន និង លោកបណ្ឌិត ហ៊ុន ម៉ាណេត ជាបេក្ខភាពបន្តវេន នាពេលអនាគត។

អង្គប្រជុំក៏បានធ្វើការពិនិត្យ និងពិភាក្សាផងដែរ លើការរៀបចំផែនការហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យប្រព្រឹត្តិទៅដោយរលូន, មាន សណ្តាប់ធ្នាប់របៀបរៀបរយល្អ, ប្រសិទ្ធភាព និងជៀសវាង ឲ្យបាននូវការប៉ះពាល់នានា ស្របតាមបទបញ្ញាត្តិ, នីតិវិធី និងការណែនាំ របស់ គ.ជ.ប. ដើម្បីបង្ហាញពីភាពខ្លាំង, ភាពថ្លៃថ្នូ និងភាពចាស់ទុំ ឱ្យស័ក្កិសមជាគណបក្ស ដែលធំជាងគេ និងមានប្រៀបឈ្នះជាងគេ។ អង្គប្រជុំក៏បានគិតគូរ យកចិត្តទុកដាក់ផងដែរ ទៅដល់ការថែរក្សាសុខភាព និង សុវត្ថិភាពជូនបងប្អូនទាំងអស់ ដែលបានចូលរួមនៅក្នុង ការហែក្បួនឃោសនាបោះឆ្នោត។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារ និងសកម្មជនគណបក្ស ត្រូវបន្តរក្សាឲ្យបាននូវចលនការ ជាប្រក្រតី និងបរិយាកាសល្អប្រសើរ នៃដំណើរការបោះឆ្នោត នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ហើយត្រូវបន្តស្វែង រកសំឡេងគាំទ្រ ជូនគណបក្ស ឱ្យបានច្រើនបំផុត តាម ដែលអាចធ្វើទៅបាន តែត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គជប។

ទន្ទឹមនេះ ត្រូវបន្តសកម្មភាព ចុះជួបសមាជិក តាមខ្នងផ្ទះ ការពិនិត្យឯកសារបោះឆ្នោត ការធ្វើឯកសារបញ្ជាក់ អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត (IR) និងការង្រៀនគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ តាមការកំណត់ របស់ គ.ជ.ប ព្រមទាំងត្រូវការធ្វើចលនា ជំរុញប្រជាពលរដ្ឋទូទៅ ពិសេសសមាជិកគណបក្ស ទាំងអស់ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ពោលគឺសំដៅធានាឲ្យបានថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។

ជាមួយនេះ ក៏ត្រូវបង្កើនការ យកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ឱ្យខាងតែបាន ចំពោះក្រុមជនទុច្ចរិត ដែលទៅណែនាំប្រជាជន ឲ្យគូសសន្លឹកឆ្នោតខុស និងត្រូវត្រៀម លក្ខណៈទប់ស្កាត់ គ្រប់រូបភាព នូវសកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លាញការបោះឆ្នោត និងលទ្ធផល នៃការបោះឆ្នោត៕