(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ក្រសួងបាន និងកំពុងពង្រឹងការផ្តល់សេវាទូរសព្ទ និងអ៊ីធើណេត នៅទូទាំងប្រទេសឱ្យកាន់តែល្អប្រសើរ តាមរយៈការខិតខំសាងសង់បង្គោលអង់តែនឱ្យបានច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងបំពាក់ឧបករណ៍ ដើម្បីផ្តល់សេវាទូរសព្ទ និងអ៊ីធើណេត បានកាន់តែលឿន និងមិនរអាក់រអួល។
ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកយកព័ត៌មាន ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ (Delta Center) តម្លៃជិត៣០លានដុល្លារ លោក ជា វ៉ាន់ដេត បានថ្លែងថា បច្ចុប្បន្ននេះ សេវាទូរសព្ទក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មានការប្រសើរឡើងជាងមុន ប៉ុន្តែមិនទាន់ល្អដូចអ្វីដែលចង់បាននោះទេ ដែលត្រូវតែបន្តជំរុញឱ្យកាន់តែល្អប្រសើរថែមទៀត។ លោកថា នៅពេលការងារសាងសង់បង្គោលអង់តែននេះបានបញ្ចប់ សេវាទូរសព្ទនៅប្រទេសកម្ពុជា នឹងមានល្អប្រសើរ។
លោករដ្ឋមន្រ្តីបានឱ្យដឹងថា ក្រសួងមានផែនការសាងសង់បង្គោលអង់តែនប្រមាណ ១០០០បង្គោលនៅរាជធានីភ្នំពេញ និងរាប់ពាន់បង្គោលទៀត នៅតាមបណ្តាខេត្តទាំងអស់នៅកម្ពុជា។
លោកបានឱ្យដឹងបន្តថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ សម្រាប់រាជធានីភ្នំពេញ ក្រសួងបានសាងសង់បង្គោលអង់តែនបានប្រមាណ ២០០បង្គោល ឬស្នើនឹងជាង២០% ដោយត្រូវការពេលប្រមាណជាង ១ឆ្នាំកន្លះទៀត ទើបសាងសង់រួចរាល់។
លោកបានគូសបញ្ជាក់ថា ការសាងសង់បង្គោលអង់តែន នៅរាជធានីភ្នំពេញមានភាពយឺតយ៉ាវ ដោយសារមានបញ្ហាប្រឈមមួយចំនួន។
លោកពន្យល់មូលហេតុនៃការសាងសង់យឺតយ៉ាវនេះថា «ទីក្រុងភ្នំពេញមានអគារបង្កើតឡើងច្រើន ហើយម្ចាស់អគារមួយចំនួន មិនអនុញ្ញាតឱ្យសង់ដំបូលអង់តែន នៅលើដំបូលអគារ។ ដូច្នេះយើងកំពុងធ្វើការជាមួយក្រសួងដែនដី និងនគរូបនីយកម្ម ដើម្បីរៀបចំជាទម្រង់សម្រាប់ឱ្យអ្នកដែលមកសុំសាងសង់អគារ ត្រូវលះបង់សិទ្ធិនៅលើដំបូលអគារ។ ទី២ ម្ចាស់អគារឱ្យសាងសង់ហើយ តែអ្នកជិតខាង ឬអ្នករស់នៅក្នុងអគារមិនអនុញាតឱ្យសាងសង់។ ហើយយើងក៏បានរកឃើញទីតាំងខ្លះ នៅតាមចិញ្ចើមថ្នល់ជាទីតាំងសាធារណៈ ប៉ុន្តែប្រសិនបើយើងសាងសង់ទៅវាអាក្រក់មើល និងប៉ះពាល់ដល់សោភ័ណភាពទីក្រុង ដូច្នេះយើងក៏មិនអាចសាងសង់បាន។ នេះសុទ្ធតែជាបញ្ហាប្រឈម ដែលយើងមិនទាន់អាចរកទីតាំងគ្រប់ ដើម្បីសាងសង់បង្គោលអង់តែន បានដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ។ ប៉ុន្តែក្រសួង និងក្រុមហ៊ុនទាំងអស់ខិតខំធ្វើម៉េចជំរុញការសាងសង់នេះឱ្យបានចប់ឱ្យបានឆាប់ ដើម្បីប្រជាពលរដ្ឋយើងមានសេវាទូរសព្ទ និងសេវាអ៊ីធើណេតកាន់តែល្អប្រសើរ»។
លោកបន្តទៀតថា ចំណែកនៅតាមបណ្តាខេត្ត បច្ចុប្បន្ននេះ ក្រុមការងារក្រសួងកំពុងធ្វើតេស្ត និងសិក្សា ដើម្បីសាងសង់បង្គោលអង់តែន ឱ្យបានគ្រប់ខេត្តក្រុងទាំងអស់ ដែលក្នុងមួយខេត្តយ៉ាងហោចណាស់ ត្រូវការបង្គោលពី ១០០ទៅជាង២០០បង្គោល។ ការសាងសង់នៅតាមខេត្តអាចនឹងងាយស្រួល ក្នុងការសាងសង់បានលឿន មិនពិបាកក្នុងការសាងសង់ដូចនៅរាជធានីភ្នំពេញនោះទេ ។
លោកបន្តថា ដោយឡែកការងារសាងសងបង្គោលអង់តែន នៅតាមបុរីនៅភ្នំពេញ ក្រសួងបានបង្កើតក្រុមការងារចំនួន៨ ដើម្បីធ្វើការងារនេះ នៅតាមបុរីនីមួយៗ។
បើតាមលោក ជា វ៉ាន់ដេត បច្ចុប្បន្ននេះ នៅភ្នំពេញមានបុរីជាង១០០ទីតាំង ប៉ុន្តែក្នុងចំណោមនោះ ក្រសួងបានកំណត់បុរីចំនួន៦៨ទីតាំង ដែលមានអ្នករស់នៅច្រើន ត្រូវធ្វើការសាងសង់បង្គោលចំនួន ៨៨បង្គោល ដោយផ្តើមពីបុរីប៉េងហួត។
លោកបន្តថា រយៈពេលមួយឆ្នាំដែលក្រសួងបានធ្វើការងារសាងសង់បង្គោលនៅតាមបុរី សាងសង់បានប្រមាណ៧០ហើយ នៅសល់ចំនួន១៨បង្គោលទៀតប៉ុណ្ណោះ មិនទាន់បានសាងសង់ ដោយសារប្រជាជនមួយចំនួនមិនអនុញ្ញាតឱ្យសាងសង់ ព្រោះពួកគាត់យល់ថាបង្គោលអង់តែននេះ ប៉ះពាល់ដល់សុខភាព។
លោកមានប្រសាសន៍ថា «ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា បង្គោលអង់តែនមិនមានប៉ះពាល់ដល់សុខភាពរបស់យើងនោះទេ។ បើសិនជាប៉ះពាល់ អ៊ីចឹងនៅលើពីភពលោក អត់មានអ្នកណាប្រើបង្គោលអង់តែនទេ នៅប្រទេសគេ ក្នុងទីក្រុងបង្គោលអង់តែន គឺនៅលើក្បាលយើងទាំងអស់ គឺនៅលើគ្រប់អគារបាញ់ចុះមកក្រោម ហើយបើអ៊ីចឹងទេប្រជាជនគេស្លាប់ឬក៏ប៉ះពាល់សុខភាពអស់ហើយ។ ដូច្នេះសូមឱ្យប្រជាពលយល់អាហ្នឹង ហើយកុំឱ្យជាឧបសគ្គក្នុងការបង្កើនសេវាដែលមន្រ្តីក្រសួង និងក្រុមហ៊ុនបានខិតខំធ្វើការជាមួយគ្នា»។
លោកសង្ឃឹមថា បុរីទាំង ៦៨នៅរាជធានីភ្នំពេញ នឹងមានសេវាល្អប្រសើរនៅចុងឆ្នាំនេះ៕