(ភ្នំពេញ)៖ គ្រាដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក ក៏កំពុងធ្វើចលនាញុះញង់ខ្លាំងណាស់ដែរ ឱ្យប្រជាពលរដ្ឋគូស​បំផ្លាញសន្លឹកឆ្នោត។ ប៉ុន្តែចលនាខុសច្បាប់នេះ មិនត្រូវបានស្វាគមន៍​ដោយ​ប្រជា​ពលរដ្ឋជាម្ចាស់ឆ្នោតនោះឡើយ។

លោក កាន់ គីម ប្រជាពលរដ្ឋរស់នៅឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បាន​យល់​ច្បាស់ពីតម្លៃសន្លឹកឆ្នោត ហើយក៏បានបង្ហាញការពេញចិត្តចំពោះ​ការ​ដឹក​នាំ​​របស់គណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសុខសន្តិភាព ការរីកចម្រើន និង​ការ​អភិវឌ្ឍន៍។ ដូច្នេះលោក គីម ដែលមានវ័យ ៦៨ឆ្នាំហើយនោះ បាន​ប្រ​កាស​​ប្រឆាំង​ដាច់អហង្ការចំពោះចេតនាទុច្ចរិតរបស់ជនក្បត់ជាតិ សម រង្ស៉ី និង​បក្ខពួក​។

«យើងគូសបំផ្លាញឥតប្រយោជន៍ហ្នឹង។ ចុះបើបោះឱ្យបក្សប្រជាជន​កម្ពុជា​ឃើញ​ជាក់ស្តែង ធ្វើអីកើតហ្នឹង ធ្វើអីកើតហ្នឹង។ ទៅបោះឱ្យនរណាទៀត? ទៅគូសបំផ្លាញធ្វើអី? មិនបោះឱ្យគណបក្សប្រជាជនទៅ គណបក្សប្រជាជន​ដឹក​នាំសុខសប្បាយរហូតមកហើយហ្នឹង»។ នេះជាការគូសបញ្ជាក់​របស់​លោក កាន់ គីម។

ប្រជាពលរដ្ឋម្នាក់ទៀតនៅឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក ធូ ខុន ក៏បានប្រកាសប្រឆាំងនឹងការអំពាវនាវរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏​ដូច​ជាបក្ខពួកផងដែរ។ លោក ធូ ខុន អាយុ ៦៨ឆ្នាំដែរនោះ បានលើក​ឡើង​ថា លោកមិនគូសខ្វែងសន្លឹកឆ្នោតឡើយ។ មិនខ្វែងដោយសារតែលោកពេញ​ចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យមានការរីក​ចម្រើន ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។

លោក ធូ ខុន បានចាត់ទុកអ្វីដែលជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកញុះញង់​នោះ គ្រាន់តែជាចលនារុញច្រានឱ្យសង្គមហ្វឹកវរតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការញុះញង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតជាទង្វើខុស​នឹង​ច្បាប់ស្តីពីការបោះឆ្នោត។ នៅពេលនេះមានក្រុមប្រឆាំង៤នាក់ហើយ ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួន ព្រោះតែធ្វើសកម្មភាពញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញ​សន្លឹកឆ្នោត។ ជាមួយគ្នានេះជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកជាច្រើននាក់​ទៀត ក៏ត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធសកម្មភាពញុះញង់ពលរដ្ឋគូស​បំផ្លាញសន្លឹកឆ្នោតនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា បានគូសរំលេចថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ឆ្នាំ​២០២៣​នេះ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយ​ចំនួន​១៨​ហើយ​នោះ ​ក៏នៅមានការប្រកួតប្រជែងរវាងគណបក្សនយោបាយ​ទាំង ១៨ ជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោតផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា «ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិត​រត់​ចោល​គុកពីក្រៅប្រទេសមកបក្សនយោបាយមួយនៅក្នុងប្រទេស បានរក​គ្រប់​វិធី​ដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញ​ចោល​ការបោះឆ្នោត ដូចជាយុទ្ធនាការមិនឱ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញ​ចោលសន្លឹកឆ្នោត។ល។»

សម្តេចតេជោ បានទន្ទឹងរង់ចាំមើលថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ខាង​មុខនេះ តើកម្លាំងប្រជាធិបតេយ្យចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាងកម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត?៕