(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សាខាគណបក្ស ភ.ព ៩ បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សាខាគណបក្ស ភ.ព ៩ ក្រោមអធិបតីភាពលោក ស៊ូម សារឿន ប្រធានសាខាគណបក្ស ភ.ព៩ ដោយមានអ្នកចូលរួមសរុបចំនួន ១,១០០នាក់។

គោលបំណង នៃការរៀបចំពិធីសំណេះសំណាលខាងលើ គឺដើម្បីធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ការបង្រៀនអំពីការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវនិងមានសុពលភាព ទៅដល់សមាជិក សមាជិកាសាខាគណបក្ស ភ.ព ៩ ទាំងអស់ ព្រមទាំងបានធ្វើការណែនាំ បន្ថែមអំពីការត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អប្រសើរសម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។

មុនចូលទៅដល់ការប្រកាសផ្សព្វផ្សាយអំពីសមិទ្ធផល គោលនយោបាយនិងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល លោក អ៊ុង សារ៉ាវ៉ាន់ អនុប្រធានប្រចាំការសាខាគណបក្ស ភ.ព ៩ បានឡើងអានសេចក្តីសម្រេច ស្តីពីការយល់ព្រមបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដែលមានចំនួន ២៣២ នាក់ ដែលទទួលបានការតែងតាំងរួចហើយ។

ជាមួយគ្នានេះ លោក ស៊ូម សារឿន បានប្រគល់សេចក្តីសម្រេចទៅដល់ថ្នាក់ដឹកនាំនិងសមាជិកសាខាគណបក្ស ចំនួន ៣៣ រូប សម្រាប់ជានិម្មិតរូប។

ជាកិច្ចបន្ត លោកប្រធានសាខាគណបក្ស ភ.ព ៩ បានថ្លែងសង្កត់ធ្ងន់អំពីសមិទ្ធផលដ៏ធំធេង ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងរយៈពេល ៤៤ ឆ្នាំ កន្លងទៅ តាំងពីពេលក្រោយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតឈានមកដល់ដំណាក់កាល នៃការរីកចម្រើននិងអភិវឌ្ឍលើគ្រប់វិស័យ ដោយប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ជាតិ បែកបាក់ទឹកដី ទៅជាទឹកដីដ៏ស្រស់បំព្រងដែលប្រជាជនមានជីវភាពធូរធា សម្បូរសប្បាយ សុខដុមរមនាក្នុងម្លប់សន្តិភាព សេរីភាព ប្រជាធិបតេយ្យនិងការអភិវឌ្ឍ។

លោកប្រធាន ក៏បានថ្លែងបន្តទៀតផងដែរថា គណបក្សប្រជាជនកម្ពុជាការពារបានយ៉ាងរឹងមាំ នូវសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ធានាបានការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពង្រឹងនិងពង្រីកលទ្ធិប្រជាធិបេត្យ សិទ្ធិ សេរីភាពរបស់ប្រជាជនត្រូវបានគោរព ការពារនិងលើកតម្កើង ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញទឹកស្អាត ភ្លើងអគ្គិសនី រោងចក្រ សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ -ល-។

លោកថា ត្រូវបានកសាង និងពង្រីកនៅគ្រប់ទីកន្លែងទូទាំងប្រទេសជោគជ័យ នៃការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធានាបាននូវការការពារអាយុជីវិតប្រជាជន រក្សាបាននូវលំនឹងជីវភាព និងលំនឹងសេដ្ឋកិច្ច ការធ្វើឲ្យប្រសើរឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ជោគជ័យជាប្រវត្តិសាស្ត្រ នៃការរៀបចំនិងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបនឹងបិទបញ្ចប់កាលពីថ្មីៗនេះ នៅប្រទេសកម្ពុជា ព្រមទាំងជោគជ័យ ក្នុងការទទួលបានតួនាទីជាប្រទេសសមាជិកក្រុមប្រឹក្សា សេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ជាអគ្គលេខាធិការរង និងអគ្គលេខាធិការអាស៊ាន។ កត្តាទាំងអស់នេះ គឺជាសក្ខីភាពមួយបង្ហាញថា ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹម ក្រោមមគ្គុទ្ទេសក៍ដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធាន ក៏បានបង្រៀនដល់សមាជិក សមាជិកាសាខាគណបក្ស ឲ្យចេះត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមការបោះឆ្នោត ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃឯកសារដែលអាចយកទៅប្រើប្រាស់ក្នុងការបោះឆ្នោត មានជាអាទិ៍ អត្តសញ្ញាណប័ណ្ណ និង ឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) របៀបនៃការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវនិងមានសុពលភាព ព្រមទាំងបញ្ជាក់អំពីប្រភេទនៃសន្លឹកឆ្នោតដែលត្រូវចាត់ទុកថាជាសន្លឹកឆ្នោតមិនបានការ។

លោកប្រធាន ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា និងត្រូវយកចិត្តទុកដាក់ ក្នុងការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានសញ្ញាទេព្តាបាចផ្កា ដើម្បីទុកឲ្យសម្តេចតេជោនាយករដ្ឋមន្ត្រី នៅបន្តដឹកនាំនាវាកម្ពុជា ទទួលបាននូវសុខ សន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ និងការលើកតម្កើងកិត្យានុភាព និងកិត្តិយសកម្ពុជាលើផ្ទៃរាបអន្តរជាតិ និងបន្តការគាទ្រពេញទំហឹង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត៕