(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយអាជីវករ ដែលបាននិងកំពុងធ្វើអាជីវកម្មលក់ដូរទំនិញរបស់ខ្លួន ក្នុងផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើមី្បស្វែងយល់ និងក្តាប់នូវរាល់បញ្ហាមួយចំនួនរបស់អាជីវករ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយបងប្អូនអាជីវករ នៅផ្សារដោយផ្ទាល់ផងដែរ។

ក្នុងឱកាសនោះ លោកបេក្ខជនតំណាងរាស្រ្ត បាននាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។

ជាមួយគ្នានេះ លោកបានសំណូមពរឱ្យសមត្ថកិច្ចមូលដ្ឋាន និងគណៈគ្រប់គ្រងផ្សារ ក៏ដូចសន្តិសុខផ្សារ ជួយធ្វើការជួយសម្រួលលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឱ្យបានល្អ ដើម្បីធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឱ្យមានការកកស្ទះទៀតផង។

លោក ប៉ាន សូរស័ក្ដិ បានលើកផងដែរថា ផ្សារថ្នល់ទទឹងនេះ កើតឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ, ម៉្យាងទៀត ផ្សារនេះក៏ជាទីកន្លែងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងជាកន្លែងសម្រាប់បម្រើសេវាកម្មនានាដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។

ទន្ទឹមនឹងនេះ លោកបេក្ខជនតំណាងរាស្រ្ត បានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនអាជីវករទាំងអស់ ព្រមទាំងបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

នៅកិច្ចបញ្ចប់ លោក ប៉ាន សូរស័ក្ដិ ក៏បានអំពាវនាវដល់ប្រជាពរដ្ឋ និងអាជីវករទាំងអស់ឱ្យអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាសម្គាល់ និងមានលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាអាណត្តិទី៧ និងប្តេជ្ញាចិត្តគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដោយលោកបណ្ឌិត ជាបញ្ញវន្តមួយរូបនដែលមានចំណេះដឹងយ៉ាងខ្ពងខ្ពស់ លើផ្នែកយោធា សេដ្ឋកិច្ច និងនយោបាយ ដែលសិក្សាមកពីបរទេស៕