(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន រួមជាមួយលោក ឈាង រ៉ា អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងសំពៅពូន នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាលជាមួយសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំកំពង់កុង និងអ្នកសង្កេតការណ៍ មកពីក្រុងសំពៅពូន និងស្រុកកោះធំសរុប ១០០០នាក់។
បន្តពីកិច្ចសំណេះសំណាលនេះលោកទេសរដ្ឋមន្ត្រី ក៏បានបន្តជួបជាមួយលោក លោកស្រី ជាអ្នកសង្កេតការណ៍ អញ្ជើញមកពីស្រុកកោះធំ និងក្រុងសំពៅពូន និងបានផ្តាំផ្ញើឱ្យយកទុកដាក់ខ្ពស់ក្នុងការបំពេញកិច្ចការងារ ដោយសុចរិត ឯករាជ្យ ដោយពុំមានការជ្រៀតជ្រែក និងគាបសង្កត់ ដើម្បីធានាបានថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងមានតម្លាភាពខ្ពស់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពបន្តទៀតផងដែរ៕