(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលក្រុងព្រះសីហនុ បានសហការរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិសង្កាត់លេខ១ និងសង្កាត់លេខ៣ ឆ្នាំ២០២៣។ ក្នុងនោះ គម្រោងផ្លូវបេតុង ចំនួន០៣ខ្សែ និងប្រព័ន្ធលូបង្ហូរទឹកភ្លៀង១ខ្សែ ស្ថិតនៅក្នុងសង្កាត់លេខ១ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានដាក់ដេញថ្លៃរួចរាល់ និងត្រូវបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ។

ក្នុងកិច្ចដំណើរការដេញថ្លៃ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ក៏មានការចូលរួមសម្របសម្រួលដោយលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ អភិបាលរងក្រុងព្រះសីហនុ គណៈកម្មការលទ្ធកម្មឃុំ/សង្កាត់ និងមន្ត្រីគាំទ្របច្ចេកទេសខេត្ត ព្រមទាំងមានការចូលរួមពីបណ្តាក្រុមហ៊ុនដេញថ្លៃជាច្រើន។

លោក ឃាង ភារម្យ បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដោយមានការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមាន ខិតខំប្រឹងប្រែងបន្ថែមទៀត ពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ គឺលោក គួច ចំរើន ជាក់ស្តែងតាមបណ្តាឃុំ/សង្កាត់នៅក្នុងខេត្តព្រះសីហនុ បានដាក់ឲ្យដំណើរការដេញថ្លៃគម្រោងឃុំ/សង្កាត់ ជាបន្តបន្ទាប់ ហើយក៏បានសម្រេចលទ្ធផលល្អជាហូរហែផងដែរ។

កិច្ចប្រជុំបើកសំណើដេញថ្លៃ បានដំណើរការដោយរលូន ស្របតាមនីតិវិធី និងកម្មពិធីដែលបានគ្រោងទុក ប្រកបដោយតម្លាភាព។ បន្ទាប់ពីប្រធានគណៈកម្មការលទ្ធកម្មបានប្រជុំសម្រេច និងប្រកាសលទ្ធផលនៃការដេញថ្លៃរួចមក ប្រធានក្រុមហ៊ុន ដែលបានដេញថ្លៃឈ្នះ បានឡើងមានមតិប្ដេជ្ញាចិត្ត ក្នុងការអនុវត្តការសាងសង់ ឲ្យមានគុណភាពល្អ ត្រឹមត្រូវទៅតាមប្លង់បច្ចេកទេស។

លោកនាយកទីចាត់ការបានមានមតិផ្ដាំផ្ញើ ដល់ក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងការអនុវត្តគម្រោងមូលនិធិសង្កាត់ទាំងពីរ ត្រូវយកចិត្តទុកដាក់សហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគម្រោងប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង៕