(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមកម្លាំងដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងផ្សព្វផ្សាយផែនការការពារតម្រាយផ្លូវបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់បណ្តាគណបក្សនយោបាយ និងត្រួតពិនិត្យកម្លាំងចុះការពារការិយាល័យបោះឆ្នោត ក៏ដូចជាការត្រួតពិនិត្យ សន្តិសុខ សណ្តាប់ធ្នាប់ជារួម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង ក្រុមជំនួយការ លោក-លោកស្រីអនុផែនការងារ លោក-លោកស្រីនាយការិយាល័យ លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ក្នុងនោះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង ខណៈការឃោសនាស្វែងរកសំឡេងឆ្នោត ថ្ងៃចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣៕