(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតប្រជែងជ្រើសរើសយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌ ដែលមានបេក្ខជន ចំនួន១០រូបចុងក្រោយ ចូលរួមមកបង្ហាញសមត្ថភាពលើវេទិកា។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងសិស្សកំពុងសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ កម្ពុជាផងដែរ។
កម្មវិធីយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌ ជាកម្មវិធីដំបូងបំផុតដែលក្រសួងយុត្តិធម៌បានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ឱ្យចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងទេព្យកោសល្យរបស់ខ្លួន សម្រាប់បម្រើដល់គោលដៅរបស់ក្រសួងយុត្តិធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជា ៣ដំណាក់កាល រួមមាន៖
*ដំណាក់កាលទី១៖ ការសម្ភាសន៍
*ដំណាក់កាលទី២៖ ការបង្ហាញសមត្ថភាពលើវេទិកា
*ដំណាក់កាលទី៣៖ ការបង្ហាញសមត្ថភាពលើវេទិកា និងឆ្លើយសំណួរពីអង្គបោះឆ្នោត។
ថ្លែងក្នុងកម្មវិធីនេះ, រដ្ឋមន្រ្តីបានថ្លែងថា វេទិកានៃកម្មវិធីនេះ ជា «វេទិកាបញ្ញាញាន» ដែលជាទីកន្លែងឱ្យយុវជនមានឱកាសបង្ហាញសមត្ថភាព និងទេព្យកោសល្យពិតប្រាកដ និងចងក្រងយុវជនកម្ពុជាដែលជាទំពាំងស្នងឫស្សី ក្នុងវិស័យច្បាប់ និងយុត្តិធម៌។
ទន្ទឹមនេះ, លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីយុវជនជារៀងរាល់ឆ្នាំ ដោយមិនផ្តោតតែទៅលើកម្មវិធីយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌តែប៉ុណ្ណោះទេ ក៏រួមមានផងដែរនូវកម្មវិធីផ្សេងៗជាច្រើនទៀត។
ជាលទ្ធផលនៃការប្រកួតប្រជែង, បេក្ខជន ៣រូប ដែលបានទទួលជ័យលាភីមានដូចខាងក្រោម៖
១-ជ័យលាភីលេខ១៖ លោក ឈុន សីហា អនុប្រធាននាយកដ្ឋានសារការី
២-ជ័យលាភីលេខ២៖ លោក វ័រ ដារិទ្ធ ក្រឡាបញ្ជីសាលាដំបូងខេត្តកណ្តាល
៣-ជ័យលាភីលេខ៣៖ កញ្ញា បូ ចាន់ភារម្យ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ត្បូងឃ្មុំ៕