(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា។
ការថ្លែងអំពាវនាវរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន នឹងហ្វឹកហ្វឺនម្ចាស់ការនៅហ្នឹងកន្លែងយុទ្ធវិធីថ្នាក់ពួកក្រុមកងអនុសេនាតូច ឆ្នាំ២០២៣ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដោយមានការចូលរួមពីតំណាងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូបទៀត។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេចបានយកចិត្តទុកដាក់ ដោះស្រាយរាល់ការលំបាកជូនកងយោធពលខេមរភូមិន្ទ និងចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោកឧត្តមសេនីយ៍ទោមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនពង្រឹងយោធានៅថ្ងៃនេះអាចដំណើរការទៅបាន គឺអាស្រ័យដោយមានការជួយឧបត្ថម្ភថវិកាពិសេសពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងលោកអភិបាលខេត្តព្រះវិហារ ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
ពិសេសដោយមានគោលការណ៍ដឹកនាំពីមេបញ្ជាការយោធភូមិភាគទី៤ ដែលជានិច្ចជាកាលតែងតែផ្តល់ នូវការរំលឹកដាស់តឿនលើការងារហ្វឹកហ្វឺនបំប៉នជំនាញ គ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺនជាប្រចាំ សំដៅឱ្យកងទ័ពមានសមត្ថភាព គុណភាព និងប្រសិទ្ធិភាព ក្នុងការដឹកនាំបញ្ជារ សម្រេចបានជោគជ័យលើគ្រប់សមូរភូមិ។
នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលចូលរួមវគ្គហ្វឹកហ្វឹននាពេលនេះ៖
*ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង
*ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានមុឺងម៉ាត់បំផុត
*ក្នុងការហ្វឹកហ្វឺនសិក្ខាកាមត្រូវមានសីលធម៌ សុជីវធម៌ក្នុងការរស់នៅ និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក
*ត្រូវស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត
*ចូលរួមថែរក្សាសុខសន្តិភាព
*ត្រូវចេះសាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងសិក្ខាកាម និងយោធាចារ្យ។
លោកអភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវផងដែរដល់ នាយទាហាន នាយទាហានរង និងពលទាហាន និងក្រុមគ្រួសារកងទ័ពទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមអត្តសញ្ញាណបណ្ណសម្ភាល់ខ្លួន និងឯកសារពាក់ព័ន្ធដែលអាចបម្រើឱ្យការងារបោះឆ្នោតបាន សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕