(ភ្នំពេញ)៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសព័ត៌មាន២ករណីផ្សេងគ្នា ក្រោយស្រ្តី២នាក់ បង្ហោះសារនៅលើបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ ដល់អាវុធហត្ថ។
ករណីទាំង២នោះ បានកើតឡើងក្រោយស្រ្តី២នាក់ ដោយម្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បង្ហោះសារនៅលើបណ្តាញសង្គមនាំឲ្យប៉ះពាល់ដល់អាវុធហត្ថ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា ស្រ្តីឈ្មោះ ភី សូនី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកសុំទោសដល់អង្គភាពកងរាជអាវុធហត្ថ ហើយបានបំភ្លឺថា គាត់មិនបានឲ្យអ្នកសារព័ត៌មានបង្ហោះ ឬធ្វើការចុះផ្សាយនោះទេ គ្រាន់តែចង់ឲ្យអ្នកសារព័ត៌មាន ជួយសម្របសម្រួលក្នុងរឿងគេចោទថានាងលួចលុយចំនួន២ម៉ឺនបាត នៅក្នុងក្លឹបប៉ុណ្ណោះ។
នាងបន្តថា ស្រាប់តែនៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ រំលងបានពីរថ្ងៃ អ្នកសារព័ត៌មាននោះ បង្ហោះធ្វើការចុះផ្សាយតែម្តង ឃើញដូចនេះ ឈ្មោះ ភី សូនី បានខលប្រាប់បន្ថែមទៀត ឲ្យលុបចោល ហាមចុះផ្សាយ តែអ្នកសារព័ត៌មានមិនព្រមលុបនោះទេ ទើបខ្លួនចេញមុខមកសុំទោស និងស្រាយបំភ្លឺការពិត។
ដោយុឡែកស្រ្តីឈ្មោះ ហ៊ុន គីមឡា ភេទស្រី អាយុ៣២ឆ្នាំ ម្ចាស់អាខោន Mey Mey Kim ដែលមាន មុខរបរម្ចាស់ហាងបោកអ៊ុតស្អាតជានិច្ច ទីលំនៅបច្ចុប្បន្ន បុរី The wood ផ្ទះលេខ S09 ផ្លូវកណ្តាល សង្កាតព្រែកឯង ខណ្ឌច្បារអំពៅ បានសូមទោសចំពោះកងរាជអាវុធហត្ថ និងសារភាពថា មូលហេតុដែលនាងនិយាយប៉ះពាល់អាវុធហត្ថ ដោយសារនាងឃើញរថយន្តដែលដេញតាមនាងមានបំពាក់ស៊ឺរ៉ែននៅពីលើ ទើបនាងមានការភ័ន្តច្រឡំជារថយន្តអាវុធហត្ថជាអំពើអចេតនា។
សម្រាប់ករណីទី២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានច្រានចោលផងដែរថា មិនជាករណីដេញប្លន់ក្នុងបុរីក្រោយផ្សារព្រែកឯងនោះឡើយ ពោលជាករណីនេះសមត្ថកិច្ចអនុវត្តដីកាបញ្ជារបស់តុលាការ តាមឃាត់ខ្លួនលើស្ដ្រីរូបនេះ ប៉ុន្តែនាងបែរជាមកនិយាយបំភ្លើងការពិតថាអ្នកចេញនាងនោះជាកម្លាំងអាវុធហត្ថទៅវិញ៕