(ស្វាយរៀង)៖ នៅថ្ងៃទី១៩ ឃោសនារកសំឡេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស ៨០០នាក់ នៅឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
នៅចំពោះមុខសមាជិក សមាជិកាគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជារបស់ប្រជាជន និងបានបម្រើប្រជាជននៅគ្រប់កាលៈទេសៈ។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍ ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
បន្ថែមលើសពីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងចុងបញ្ចប់នៃកម្មវិធី សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមការងារ ក៏បានបង្រៀន សមាជិក សមាជិកាបក្សឲ្យចេះគូសសន្លឹកឆ្នោតផងដែរ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងមាន ៨ក្រុង ស្រុក និង៨០ឃុំ សង្កាត់ សម្រាប់ខេត្តស្វាយរៀង មាន៥អាសនៈ ការិយាល័យបោះឆ្នោតចំនួន៩៨៤ការិយាល័យ មានគណបក្សនយោបាយចំនួន១៣ ក្នុងចំណោម១៨ បានចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ហើយមានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៤១៥,៩១៩នាក់ និងមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មានចំនួន ៣២០,៨៦៦នាក់៕