(កំពត)៖ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា «ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាជោគជ័យ របស់ប្រជាពលរដ្ឋទាំងអស់ ដើម្បីបន្តការពារថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងទាំងអស់គ្នាជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវបន្តនូវបុព្វហេតុដ៏ថ្លៃថ្លា របស់គណបក្សក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឱ្យបានល្អប្រសើរបន្ថែមទៀតព្រោះអំពើល្អរបស់មន្ត្រីបក្សគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការស្រឡាញ់ គាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា»។

ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងអំឡុងនៃកិច្ចប្រជុំបូកសរុបលទ្ធផលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកក្កដា និងការត្រៀមលក្ខណៈសម្រាប់ការបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដាខាងមុខ។

កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាមកពីថ្នាក់ខេត្ត ក្រុងនិងបក្សមូលដ្ឋានសង្កាត់ទាំង៣ នៃក្រុងបូកគោ។ នាឱកាសនោះលោក នេត្រ ភក្ត្រា បានលើកឡើងថា៖ «​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ!​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីដ៏ពេញលេញ!​ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ»។

លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងបូកគោទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងកិច្ចការងារឃោសនាបោះឆ្នោត ដោយពន្យល់ប្រជាពលរដ្ឋពីកម្មវិធីនយោបាយ គណបក្សប្រជាជនកម្ពុជា និងជាពិសេសកម្មវិធីនយោបាយអាទិភាពដែលគណបក្សប្រជាជនកម្ពុជានឹងអនុវត្តចាប់ពីឆ្នាំ២០២៣ ក្នុងការផ្តល់កិច្ចគាំពារសង្គម ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។

លោកបានថ្លែងថា ពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារតែបានមើលឃើញច្បាស់ថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលចាប់តាំងពីឆ្នាំ១៩៧៩ មកក្នុងការសង្គ្រោះជាតិ និងប្រជាជនពីរបបខ្មែរក្រហម ស្វែងរកសុខសន្តិភាព និងនាំការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រី មានកិត្តិស័ព្ទល្បីល្បាញ មានកិត្យានុភាពជាតិ និងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ, ពលរដ្ឋរស់នៅក្នុងសុខសន្តិភាព សុខដុមនីយកម្ម។

ជាមួយគ្នានេះដែរ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀតក្រោមដំបូលនៃសន្តិភាព។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សន្តិភាពរយៈពេលជាង ២៤ឆ្នាំមកនេះ បានផ្តល់ឱកាសដល់កម្ពុជាក្នុងការកសាងប្រទេសឡើងវិញឱ្យមានការរីកចម្រើនខ្លាំងជាមួយកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ កសាងខឿនសេដ្ឋកិច្ចរឹងមាំ ខឿនការពារជាតិ ខឿនសុខុមាលភាព និងផ្តល់កិច្ចគាំពារសង្គមព្រមទាំងកសាងនូវកេរ្តិ៍ឈ្មោះ និងកិត្យានុភាពជាតិខ្មែរឡើងវិញនៅលើឆាកអន្តរជាតិ៕