(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត រដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុកសំរោង ទទួលបន្ទុក៩ឃុំ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដំណាក់កាលបញ្ចប់នៃយុទ្ធនាការ និងការហែក្បួនបញ្ចប់ស្រុកសំរោង ខេត្តតាកែវ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដាខាងមុខនេះ។

ក្នុងឱកាសនោះ លោកបណ្ឌិតបានដាក់ចេញនូវសកម្មភាពការងា រដល់ក្រុមកាងារបក្ស ដើម្បីពង្រឹងបន្ថែមសកម្មភាពការងារពិសេសសមាជិក សមាជិកាដែលមានអាយុចាស់ជរា ពិបាកនឹងក្នុងការគូសសន្លឹកឆ្នោត និងអញ្ជើញទៅបោះឆ្នោត ត្រូវជួយសម្របសម្រួលពួកគាត់ ឱ្យមានលទ្ធភាពទៅបោះឆ្នោតបាន និងគូសសន្លឹកឆ្នោតត្រឹមត្រូវ។

លោកបានណែនាំឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវត្រៀមឯកសារសម្រាប់បម្រើ ដល់ការបោះឆ្នោតឱ្យបានល្អ ហើយចំពោះប្រសិនបើសមាជិកណា ដែលគ្មានអត្តសញ្ញាណបណ្ណ ត្រូវជំរុញធ្វើឯកសារឱ្យទាន់ពេលវេលា ដើម្បីអាចទៅបោះឆ្នោតបាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានដាក់ចេញនូវកម្មវិធីហែក្បូនឃោសនា​រកសំឡេងឆ្នោត ក្នុងពេលបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដាខាងមុខនេះ ដើម្បីឱ្យមានភាពអធិកអាធម និងរក្សាបាននូវសណ្តាប់ធ្នាប់ល្អ។

លោកបណ្ឌិត ក៏បានណែនាំដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ សូមបន្តអនុវត្តន៍ផែនការ និងស្មារតីនៃកិច្ចប្រជុំត្រួតពិនិត្យ ការងារយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ ដើម្បីសម្រេចបានជោគជ័យ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕