(ភ្នំពេញ)៖ កិច្ចគាំពារសង្គមនៅកម្ពុជាត្រូវបានអនុវត្ត និងអភិវឌ្ឍ គួរឱ្យកត់សម្គាល់ ជាពិសេសចាប់តាំងពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ក្នុងឆ្នាំ២០១៧។
ការវាយតម្លៃនានាបានបង្ហាញថា ការអនុវត្តគោលនយោបាយជាតិគាំពារសង្គមនាពេលកន្លងមក មានផលជះវិជ្ជមានគួរឱ្យកត់សម្គាល់ ទាំងទៅលើការអភិវឌ្ឍមូលធនមនុស្ស និងលើសង្គម-សេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន ក្នុងទិដ្ឋភាពសន្តិសុខស្បៀង អាហារូបត្ថម្ភ ការអប់រំកុមារ ការសន្សំប្រាក់ ការសងបំណុល ការថែទាំសុខភាព និងការលើកកម្ពស់យេនឌ័រ បន្ថែមលើការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងបង្កើតការងារ និងមុខរបរក្នុងមូលដ្ឋាន។
កន្លងមក ក្នុងផ្នែកជំនួយសង្គម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមដូចជា៖
(១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៣២៥ ៦៧៩ នាក់, (២) កម្មវិធីផ្តល់អាហារតាមសាលារៀន ដែលមានសិស្សទទួលផលសរុបចំនួនប្រមាណ ៣០០ ០០០ នាក់ ក្នុងសាលារៀនគោលដៅចំនួន ១ ១១៣ សាលា ដែលរួមបញ្ចូលកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមានសិស្សទទួលផលចំនួន ១១០ ៦៤៥ នាក់, (៣) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ដែលមានសិស្សក្រីក្រទទួលផលសរុប ២៦៣ ៧៥១ នាក់, (៤) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ, ទីក្រុងតាខ្មៅនៃខេត្តកណ្ដាល និងទីក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ដែលមានគ្រួសារទទួលផលចំនួន ១២៩ ៦៦៦ គ្រួសារ, (៥) កម្មវិធីសាច់ប្រាក់ពលកម្ម ដែលគ្របដណ្តប់ខេត្តគោលដៅចំនួន ២០, និង (៦) កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដែលមានកម្មករនិយោជិតទទួលផលប្រមាណ ៤០ ម៉ឺននាក់ មកពីរោងចក្រសហគ្រាសជាង ៧០០ នៅក្នុងវិស័យកាត់ដេរ, វិស័យទេសចរណ៍ និងវិស័យភាពយន្ត។
ដោយឡែក ក្នុងផ្នែករបបសន្តិសុខសង្គម, ដើម្បីជួយគាំទ្រ និងការពារប្រជាពលរដ្ឋពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល (សន្តិសុខប្រាក់ចំណូល) ដែលបណ្តាលមកពីជំងឺ, លំហែមាតុភាព, គ្រោះថ្នាក់ការងារ, និកម្មភាព និងជរាភាព ដោយផ្អែកលើការបង់ភាគទាន, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមជាបន្តបន្ទាប់ រួមមានផ្នែកប្រាក់សោធន, ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈ, មន្ត្រីរាជការស៊ីវិល, អតីតមន្ត្រីរាជការ, អតីតយុទ្ធជន និងសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ (កម្មករនិយោជិត) ដែលមានចំនួនសមាជិកសកម្មប្រមាណ ១,៨ លាននាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២៣។
បន្ថែមលើនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ក៏បានដាក់ឱ្យអនុវត្តរបបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដែលផ្តល់ការគាំពារផ្នែកសុខភាព ជូនពលរដ្ឋដែលមានបណ្ណសមធម៌ប្រមាណ ៧០ ម៉ឺននាក់ ស្នើនឹង ២,៨ លាននាក់ និងកម្មករនិយោជិតក្រៅប្រព័ន្ធ ដែលជាក្រុមគោលដៅ (ដែលរួមមានមេភូមិ, អនុភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, កីឡាករ-កីឡាការិនី, អ្នកធាក់ស៊ីក្លូ និង បុគ្គលិកនិងអ្នកជំនាញដោះមីន) ប្រមាណ ១០ម៉ឺននាក់, និងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រីក្នុង និងក្រៅប្រព័ន្ធ នៅពេលសម្រាលកូន ដែលគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលប្រមាណ ៦០ ០០០ នាក់ និងរបបផ្សេងៗទៀត។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានពង្រីករបបថែទាំងសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ កាលពីពេលថ្មីៗនេះ។
កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមទាំងនេះ ត្រូវបាន និងកំពុងអនុវត្តជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាល និងបានចំណាយថវិកាចំនួនប្រមាណ ៣ ៧១៥ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៩៣០លានដុល្លារ ក្នុងមួយឆ្នាំ។ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាត្រូវបានបន្តអភិវឌ្ឍ ដោយបង្កើតបន្ថែមនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗថែមទៀត ជាបន្តបន្ទាប់ តាមស្ថានភាពវិវត្តន៍នៃសង្គម-សេដ្ឋកិច្ច ដែលធ្វើឡើងទៅតាមជំហានៗ និងទៅតាមភាពទ្រទ្រង់បាននៃថវិកាជាតិ។'
មួយវិញទៀត នៅពេលប្រទេសកម្ពុជាទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងគ្រោះអាសន្នផ្សេងៗ ដែលបានជះផលអវិជ្ជមានទៅលើសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសប៉ះពាល់ ជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវកម្មវិធីជំនួយសង្គមពិសេស ដែលជាកម្មវិធីអនុវត្តក្នុងរយៈពេលមួយគ្រាមានវិបត្តិប៉ុណ្ណោះ ក្នុងគោលបំណងផ្តល់ការគាំពារ ដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងគ្រាលំបាក ដែលរួមមាន៖
១៖ កម្មវិធីឧត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់អនុវត្តក្នុងគោលបំណង ផ្តល់ការគាំពារដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះ មានគ្រួសារក្រីក្រចំនួនប្រមាណ ៥៣០ ៨៣៨ គ្រួសារ ស្មើនឹង ២ ១៥៣ ១១៤ នាក់ប៉ុណ្ណោះ បានទទួលប្រាក់ឧបត្ថម្ភ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ,កម្មវិធីនេះបានដំណើការអស់រយៈពេល ៣៧ខែ រួចមកហើយ ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ ៧០៥ ៧១៦ គ្រួសារ ស្មើនឹង ២ ៧៨៧ ២៨៣ នាក់ ក្នុងនោះរួមមានកុមារអាយុពី០-៥ឆ្នាំ ចំនួន ១១០ ៤៦២ នាក់, ជនមានពិការភាព ៦០ ៧០៤ នាក់, មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើង ៣៨៦ ៦៥៤ នាក់ និងគ្រួសារដែលផ្ទុកជំងឺអេដស៍ ២ ០៤១ គ្រួសារ ដោយបានចំណាយថវិការដ្ឋសរុបចំនួនប្រមាណជាង ១ ១០០ លានដុល្លារ។
បើទោះបីជា បច្ចុប្បន្នឥទ្ធិពលជំងឺកូវីដ-១៩ បានថមថយ ហើយសេដ្ឋកិច្ចបានបើកដំណើរការឡើងវិញ ដែលជាលទ្ធផលដ៏ជោគជ័យនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការគ្រប់គ្រងសភាពការណ៍បានល្អក្ដី, ក៏រាជរដ្ឋាភិបាលនៅតែមើលឃើញពីភាពចាំបាច់នៃការបន្តអនុវត្តកម្មវិធីនេះ ដើម្បីជួយគាំទ្រជីវភាពគ្រួសារក្រីក្រ ក្នុងដំណាក់កាលស្តារសេដ្ឋកិច្ចឡើងវិញមួយរយៈពេលទៀត ដោយធ្វើការវាយតម្លៃស្ថានភាពរៀងរាល់ ៣ខែម្តង។
២៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា៖ ដោយទទួលបានការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីសម្ពាធអតិផរណា ដែលបណ្តាលមកពីវិបត្តិនៃជម្លោះប្រដាប់អាវុធ រវាងរុស្សី-អ៊ុយក្រែន, រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រដល់គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្នុងគោលបំណងជួយស្រូបយកសម្ពាធ ពីការកើនឡើងខ្ពស់នៃថ្លៃទំនិញលើទីផ្សារ ក្នុងមួយគ្រានៃវិបត្តិ។ សូមបញ្ជាក់ជូនថា គ្រួសារងាយរងហានិភ័យ សំដៅដល់គ្រួសាររស់នៅកៀកនឹងបន្ទាត់នៃភាពក្រីក្រ ដែលមានភាពងាយរងគ្រោះក្នុងគ្រួសារចំនួន ១យ៉ាងតិច ក្នុងនោះរួមមានជនមានពិការភាព, កុមារអាយុក្រោម ២ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ)។
កម្មវិធីជំនួយសង្គមពិសេសនេះ ធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភជាដំណាក់កាលចំនួន ៣លើកគឺ លើកទី១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ជូនគ្រួសារគោលដៅសរុបចំនួន ២៦០ ៥៣៥ គ្រួសារ ស្មើនឹង ៩៦៦ ៣១២ នាក់ ដោយបានចំណាយថវិការដ្ឋចំនួន ៩,១១ លានដុល្លារ, លើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ជូនគ្រួសារទទួលផលសរុបចំនួន ៤៩៣ ៤៧៧ គ្រួសារ ស្មើនឹង ១ ៨៣៤ ៨០១ នាក់ ដោយបានចំណាយថវិការដ្ឋចំនួនប្រមាណ ១៨ លានដុល្លារអាមេរិក និងលើកទី៣ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដោយចំណាយថវិការដ្ឋចំនួនប្រមាណ ១៨ លានដុល្លារទៀត។
ព្រមពេលដែលប្រទេសកម្ពុជា បានរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងក្នុងគោលបំណងជួយរក្សាលំនឹងជីវភាព និងជួយស្តារជីវភាពឡើងវិញ, គ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ចំនួន ៩៩ ១៦៩ គ្រួសារ ស្មើនឹង ៣៧២ ៨៥៩ នាក់ នៅក្នុងតំបន់ភូមិសាស្ត្រនៃរាជធានី-ខេត្តគោលដៅចំនួន ១៦ បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចំនួន៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានចំណាយថវិកាសរុបចំនួន ១១,៧ លានដុល្លារ ហើយបានបិទបញ្ចប់ទាំងស្រុងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។
កាន់តែពិសេសជាងនេះ, រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតជាស្ត្រី, មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល រហូតដល់កូនអាយុ២ឆ្នាំ ដូចស្ត្រីមកពីគ្រួសារមានបណ្ណសមធម៌ដែរ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ ការអនុវត្តកម្មវិធី និងអន្តរាគមន៍ជំនួយសង្គមទាំងនេះ នឹងផ្តល់បច្ច័យជាវិជ្ជមាន ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងហានិភ័យ ព្រមទាំងបច្ច័យវិជ្ជមានផងដែរ លើសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងបង្កើនភាពជឿជាក់លើរាជរដ្ឋាភិបាលកាន់តែខ្លាំង៕