(កំពង់ចាម)៖ លោក សោ សាវឿន អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្ដដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្រៀនអំពីការគូសសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោក សោ សាវឿន បានណែនាំអនុវត្តន៍ជាក់ស្តែង សាកល្បងគូសសន្លឹកឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ព្រមទាំងណែនាំការត្រៀមឯកសារផ្សេងៗពាក់ព័ន្ធ សម្រាប់ឈានឆ្ពោះទៅការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកក៏បានអំពាវនាវពលរដ្ឋម្ចាស់ឆ្នោត ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត។
លោក សោ សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កើតឡើងដោយសារប្រជាជន ពលិកម្មរាល់អ្វីៗទាំងអស់ ដើម្បីប្រជាជនរួមសុខរួមទុក្ខ ជាមួយប្រជាជននៅគ្រប់កាលៈទេសៈ៕