(ភ្នំពេញ)៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា ការបំផ្លាញការបោះឆ្នោតនៅកម្ពុជា ដែលសកម្មភាពនេះទាំងអ្នករៀបចំ រួមទាំងអ្នកចូលរួមអនុវត្ត ត្រូវជាប់ជំពាក់នឹងសំណាញ់ច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង។
តាមរយៈបណ្តាញសង្គម លោកបណ្ឌិត គឹម សន្តិភាព បានបញ្ជាក់ថា «សមត្ថកិច្ចអនុវត្តច្បាប់ មានកាតព្វកិច្ចចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើល្មើសច្បាប់! សន្លឹកឆ្នោតមិនបានការ តែងកើតមានជាយថាហេតុ រាល់ការបោះឆ្នោត»។
លោកបានបន្តថា៖ «ក៏ប៉ុន្តែ ការរៀបចំផែនការជំរុញឱ្យមានការគូសបំផ្លាញសន្លឹកឆ្នោត ធ្វើឱ្យខូចសន្លឹកឆ្នោត ដើម្បីបង្កើនសន្លឹកឆ្នោតមិនបានការដោយមានអង្គការចាត់តាំងដឹកនាំមួយច្បាស់លាស់បែបនេះ គឺជាអំពើខុសច្បាប់ ក្នុងចេតនាបំផ្លាញការបោះឆ្នោតនៅកម្ពុជា ដែលសកម្មភាពនេះទាំងអ្នករៀបចំ រួមទាំងអ្នកចូលរួមអនុវត្ត ត្រូវជាប់ជំពាក់នឹងសំណាញ់ច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង !»។
លោកបណ្ឌិត គឹម សន្តិភាព បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចូលរួមក្នុងការអនុវត្តតាមផែនការខុសច្បាប់នេះ ដើម្បីចៀសវាងនឹងការជាប់ជំពាក់នឹងនីតិវិធីច្បាប់ផង និងដើម្បីចូលរួមទប់ស្កាត់អំពើល្មើសច្បាប់នេះផងដែរ៕