(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល តំណាងរាស្រ្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារគ្រប់ថ្នាក់។
ក្រោយពីស្តាប់របាយការណ៍ការងាររួចមក ឧបនាយករដ្ឋមន្ត្រី បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្ស ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស អរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រុមការងារគ្រប់ថ្នាក់អនុវត្តសម្រេចបានតាមផែនការដែលបានដាក់ចុះដោយប្រកាន់ខ្ជាប់បាននូវវិន័យ គោលការណ៍ច្បាប់ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ សេចក្តីថ្លៃថ្នូរសក្តិសមជាមន្រ្តីគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច។
ជាមួយនឹងភាពជោគជ័យ ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានណែនាំដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ សូមបន្តអនុវត្តន៍ផែនការ និងស្មារតីនៃកិច្ចប្រជុំត្រួតពិនិត្យការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ ដើម្បីសម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ និងសម្រេចឱ្យបានជោគជ័យទាំង៦អាសនៈ សម្រាប់ខេត្តបន្ទាយមានជ័យ៕