(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ២០២៣-២០២៨ និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ប្រមាណជាង៦០០នាក់ ក្នុងមូលដ្ឋានឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សកម្មភាពចុះជួបបងប្អូនម្ចាស់ឆ្នោតនេះ ធ្វើឡើងនៅបរិវេណវត្តព្រះលានថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោក អ៊ុក ប្រជា បេក្ខជនបម្រុងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ, លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារជនបង្គោលយុវជនចុះជួយស្រុកព្រៃឈរ, លោក ឃឹម សិរីវង្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ, លោក ឡាយ សុខសៅគន្ធា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំថ្មពូន, លោក ឡោ ចាន់លី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ចាម, លោក មាស ទួក ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំថ្មពូន ជាច្រើនរូប។
ក្នុងឱកាសនោះ លោកបេក្ខជនតំណាងរាស្រ្ត បានធ្វើការណែនាំខ្លួន និងរៀបរាប់អំពីជីវប្រវត្តផ្ទាល់ខ្លួនរបស់លោក ទាំងការរស់នៅ ការសិក្សាររៀនសូត្រ និងបទពិសោធន៍ការងារ ជាពិសេសប្រវត្តិ នៃការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការកសាងជាតិមាតុភូមិ ជាដើម។
ជាមួយគ្នានេះ លោកបាននាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។
បន្ថែមពីនេះ លោក ប៉ាន សូរស័ក្ដិ បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។
លោកបានបន្តថា កម្ពុជាក៏សម្រេចបានផងដែរនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA) និងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក ព្រមទាំងកំពុងសិក្សាលទ្ធភាព និងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា-តួរគី កម្ពុជា-សហព័ន្ធស្វ៊ីស និងកម្ពុជា-ប៉ាគីស្ថាន ផងដែរ ដែលជាកត្តាធ្វើឱ្យកម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់។
លោកបេក្ខជនតំណាងរាស្រ្ត បន្ថែមថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោកបានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ, ព្រោះថាបើគ្មានសន្តិភាពទេនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។
ទន្ទឹមនឹងនេះ លោកបេក្ខជនតំណាងរាស្រ្ត បានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ៕