(កំពង់ធំ)៖ លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងធនាគារជាតិ និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង តំណាងបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ព្រមទាំងបុត្រធីតា និងចៅៗ បាននាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ ទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះគ្រូចៅអធិការវត្តចំនួន៣ គឺវត្តពោធិដំណាក់ វត្តក្រសាំងតេន វត្តព្រះឥន្ទឧទ្យានហៅវត្តដូនល្អ ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

លោក ឈឹម ច័ន្ទកុសល បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់បណ្ឌិត ជា ចាន់តូ និងលោកស្រី ដែលលោកតែងតែមានការនឹករលឹក និងមានការយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ៗគ្នានៅក្នុងស្រុកស្ទោងជារៀងរហូតមកទោះគាត់មិនបានអញ្ជើញមកផ្ទាល់ គឺលោកបានចាត់អ្នកតំណាងដើម្បីយកមកប្រគេនជូននៅក្នុងឱកាសនេះ ក្នុងនាមលោកទាំងពីរជាពុទ្ធសាសនុបត្ថម្ភធម៌ដ៏ឆ្នើមផងដែរ។

លោកក៏បានក្រើនរំលឹកព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ គ្រប់វត្ត ដែលតែងតែអុជធូប ទៀន ជាពិសេសទៀនព្រះវស្សានៅក្នុងអំឡុងពេលកាន់ព្រះវស្សាខាងមុខនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពដើម្បីចៀសវាងនូវឧបហេតុ ឬក៏គ្រោះអគ្គីភ័យផ្សេងៗដែលអាចបង្កការខូចខាតដល់វត្តអារាម។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក្នុងនាមខ្លួនលោកផ្ទាល់ ព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តក៏ដូចជាអាជ្ញាធរដែនដី សូមគោរពថ្លែងអំណរគុណ និងជូនពរលោកបណ្ឌិត និងលោកស្រីព្រមទាំងបុត្រធីតា ចៅៗ និងសហការីសូមបានជួបប្រកបនូវពុទ្ធពរទាំងបួន ប្រការកុំបីអាក់ខានឡើយ។

គូបញ្ជាក់ផងដែរថា វត្តទាំង៣ខាងលើនេះ ក្នុងមួយវត្តៗ ទទួលបានទៀនព្រះវស្សា ២គូ អង្ករ៥០គក មី៥កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកសុទ្ធ ១កេស និងបច្ច័យចំនួន ២០០,០០០រៀលផងដែរ៕