(ភ្នំពេញ)៖ លោក ខឺយ ស៊ីនឿន អតីតបេក្ខជនឈរឈ្មោះតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល បានអំពាវនាវដល់ថ្នាក់ដឹកនាំសកម្មជនដែលធ្លាប់គាំទ្រគណបក្សប្រឆាំង និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨។
តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ខឺយ ស៊ីនឿន បានលើកឡើងថា សូមអញ្ជើញពុកម៉ែបងប្អូន ជនរួមជាតិទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ កក្កដា ២០២៣។ លោកធ្លាប់ជាថ្នាក់ដឹកនាំគណបក្សប្រឆាំង និងអតីតបេក្ខជនឈរឈ្មោះតំណាងរាស្ត្រមួយរូប ធ្លាប់តស៊ូជាមួយគណបក្សប្រឆាំងជាង២០ឆ្នាំហើយ លោកបានមើលជំហរនយោបាយរបស់គណបក្សឆាំង នឹងមិនអាចដើរទៅមុខជួយជាតិបានឡើយ។
លោក ខឺយ ស៊ីនឿន បានអំពាវនាវយ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំសកម្មជន សកម្មនារី ពុកម៉ែបងប្អូនដែលធ្លាប់គាំទ្រគណបក្សប្រឆាំង និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមគោរពអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨»។
លោក ខឺយ ស៊ីនឿន បានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានជំនឿទុកចិត្តក្នុងការដឹកនាំប្រទេស ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គម ប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ រីកចម្រើនរុងរឿង លើកកម្ពស់លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់ពុកម៉ែបងប្អូនឱ្យកាន់តែល្អប្រសើរឡើង ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីនីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនសម្រាប់ពេលអនាគត។
ទន្ទឹមនឹងនេះដែរ លោក ខឺយ ស៊ីនឿន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំជឿទៅការឃោសនាញុះញង់ ព័ត៌មានមិនពិត ព័ត៌មានបំពុលសង្គម អសីលធម៌ ដែលជាហេតុនាំឱ្យបែកបាក់ជាតិ និងនាំពុកម៉ែបងប្អូនទៅរកភាពមិនមានសេចក្តីសុខចម្រើន៕