(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រី ជឿន ហេឡែន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក អ៊ុក ដាមរី តំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល។
តាមរយៈសារលិខិតនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទាំងស្រុងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានទទួលមរណភាពកាលពីថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៥:១៨នាទីព្រឹក ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
មរណភាពរបស់ឯកឧត្តម អ៊ុក ដាមរី ជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបានតស៊ូលះបង់កម្លាំង កាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ បានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ន នីតិប្បញ្ញត្តិ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ នាពេលកន្លងមក។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ុក ដាមរី សូមឆាប់បានចាប់ កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕