(ភ្នំពេញ)៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមប្រព័ន្ធតេលេក្រាម ដោយសង្ស័យមានការស្ដុកឈើដោយខុសច្បាប់ នៅទីតាំងក្នុងបរិវេនដីរបស់ក្រុមហ៊ុន ម៉ាង យ៉ាង ខេ អភិវឌ្ឍន៍កៅស៊ូ នៅតំបន់ស្រុកវើនសៃ ខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនព័ត៌មាននេះដល់ថ្នាក់ខេត្តដើម្បីចុះត្រួតពិនិត្យដោយផ្ទាល់ បើពិតជាបទល្មើសត្រូវបង្ក្រាប។
ក្រោយពីទទួលបានព័ត៌មានពីថ្នាក់ជាតិលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាសមាជិក នៃគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា ឈើដែលបណ្ដាញព័ត៌មានចុះផ្សាយនោះ គឺជាប្រភេទដើមស្វាយស្រុក ដែលប្រជាពលរដ្ឋបានដាំនៅក្នុងភូមិវើនហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ហើយពលរដ្ឋបានកាប់ចោល ដែលមានមុខកាត់ចាប់ពី០,៥០ម៉ែត្រទៅ១.២០ម៉ែត្រ ប្រវែង៤,២០ម៉ែត្រ សរុបចំនួន១៧ដុំ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា ឈើខាងលើនេះជាប្រភេទដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋបានដាំដុះដោយខ្លួនឯង មិនស្ថិតនៅក្រោមច្បាប់ស្តីពីព្រៃឈើឡើយ។ អាជ្ញាធរមានសមត្ថកិច្ចបានណែនាំឲ្យអ្នកទិញ ដើម្បីស្នើសុំលិខិតអនុញ្ញាតដឹកជញ្ជូនពីអាជ្ញាធរជំនាញតាមនីតិវិធី។
ផ្អែកលើសេចក្តីរាយការណ៍របស់អភិបាលខេត្តរតនគិរី គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមបញ្ជាក់ថា ករណីខាងលើនេះ មិនមែនជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើឡើយ។
កន្លងទៅ ក៏មានបុគ្គលមួយចំនួនបានយករូបភាពផ្សេងៗ ពាក់ព័ន្ធនឹងធនធានធម្មជាតិមកធ្វើការចុះផ្សាយបំភ្លៃការពិតផងដែរ គណៈកម្មការជាតិដើម្បីទប់ស្កាប់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមអំពាវនាវលើកទឹកចិត្តក្នុងការចូលរួមទប់ស្កាត់ និងផ្តល់ព័ត៌មានពិត ដើម្បីធ្វើការបង្ក្រាបបទល្មើសធនធានធម្មជាតិ កុំបំពុលសង្គម ឬបង្កឲ្យមានការភាន់ច្រឡំដល់ការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចអនុវត្តច្បាប់៕