(សៀមរាប)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព ក្រោមការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា នៅថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តសៀមរាប បានស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាអំពើលួចម៉ូតូដ៏សកម្មមួយសំបុកធំរួមទាំងអ្នកទទួលផលចោរកម្មជាបន្តបន្ទាប់។ 

ប្រតិបត្តិការនេះ ធ្វើឡើង និងដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប, លោកវរសេនីយ៍ឯក មឿន បូរី ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលអន្តរាគមន៍ និងតម្រួតបទបញ្ជា, លោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើប្រតិបត្តិការ ស៊ើបអង្គេត និងស្រាវជ្រាវ ករណី អំពើលួច (លួចម៉ូតូ) យ៉ាងសកម្មនៅក្នុងក្រុងខេត្តសៀមរាប រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់។

ដោយជនសង្ស័យទាំងនេះ រួមមាន៖

ទី១៖ ឈ្មោះ វិន ជែម ហៅ ចេម អាយុ១៨ឆ្នាំ លួចម៉ូតូនៅចំណុចសួនបឹងគីឡូ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យខាងលើរួច កម្លាំងសមត្ថកិច្ចបានបន្តស៊ើបអង្គេត និងស្រាវជ្រាវ ហើយក៏បានឃាត់ខ្លួនក្រុមបក្ខពួកជនសង្ស័យខាងលើបានចំនួន០៦នាក់បន្ថែមទៀត។
ទី២៖ ឈ្មោះ ផុន តាណា ហៅខេមរៈ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែកសំរោង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប (ធ្លាប់ជាប់មណ្ឌលស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន រយៈពេល០៣ខែ)
ទី៣៖ ឈ្មោះ ទាន វណ្ណា ហៅតូច អាយុ១៧ ឆ្នាំមុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។
ទី៤៖ ឈ្មោះ សំ សុភា ហៅរ៉ា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រកកំណើតនៅភូមិភ្នំក្រោម សង្កាត់ សៀមរាប ក្រុង/ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នរស់នៅមិនច្បាស់លាស់។
ទី៥៖ ឈ្មោះ ហីម រចនា ហៅ ទី ហ៊ីម អាយុ១៧ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប
ទី៦៖ ឈ្មោះ ពត បញ្ញាពេជ្រ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប
ទី៧៖ ឈ្មោះ រិទ្ធី យ៉ាស័ក្តិ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសំបុកអក ឃុំកំពុងព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនបានប្រព្រឹត្តអំពើ (លួចម៉ូតូ) ក្នុងក្រុងសៀមរាប បានម៉ូតូចំនួន១០គ្រឿង។ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូបាន បក្ខពួកខ្លួន បានយកទៅលក់បន្តនៅខេត្តកំពង់ធំ។ បន្ទាប់មកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖៥០នាទី កម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបន្តការស្រាវជ្រាវ នឹងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀតនៅចំណុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ រួមមាន៖

ទី១៖ ឈ្មោះ ជា កុសល អាយុ៤៤ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ធ្លាប់ជាប់ព័ន្ធនាគារ ចំនួន៤លើក)
ទី២៖ ឈ្មោះ  អិត យន ភេទស្រី អាយុ៣៩ឆ្នាំ មានស្រុកកំណើតភូមិដូង ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ និងទីលំនៅបច្ចុប្បន្នភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដែលជាមុខសញ្ញាពាក់ព័ន្ធនឹងករណី ទទួលផលចោរកម្ម  ដោយកន្លងមកជនសង្ស័យទាំងពីរនាក់នេះ តែងតែទទួលទិញម៉ូតូ ដែលបានពីការប្រព្រឹត្តបទល្មើស ពីខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀត។

វត្ថុតាងដកហូតបាន ក្នុងកិច្ចប្រតិបត្តិការនេះ មានម៉ូតូចំនួន០៧គ្រឿង ដែលជាម៉ូតូជនសង្ស័យលួចបាន និងទូរស័ព្ទដៃចំនួន០២គ្រឿង។ ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានកំលាំងសមត្តកិច្ច កំពុងរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅតុលាការ ដើម្បីបន្តនីតិវិធី និងផ្តន្ទាទោសតាមផ្លូវច្បាប់៕

(

(អ្នកទទួលផលចោរកម្ម)