(បាត់ដំបង)៖ លោក កើត រិទ្ធ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី និងជាតំណាងលោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី កាលពីចុងសប្តាហ៍នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំនួន ១៨៤៤រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី។

នៅក្នុងពិធីនេះ លោក កើត រិទ្ធ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិកាថ្មីដែលបានសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ។ លោក កើត រិទ្ធ បានគូសបញ្ជាក់ និងចាត់ទុកថា ការសម្រេចចិត្តរបស់លោកយាយ លោកតា អ៊ុំ ពូ មីងមា បងប្អូនប្រុសស្រី ក្នុងការចូលរួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានេះ គឺជាការរួមចំណែកមួយដ៏សំខាន់បំផុតក្នុងការពង្រឹងសុខសន្តិភាពនៅកម្ពុជា។

លោកបានគូសបញ្ជាក់បន្ថែមថា បើទោះបីជាបច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសក៏ដោយ ក៏ប៉ុន្តែសុខសន្តិភាពនេះអាចនឹងបំផ្លាញទៅវិញយ៉ាងងាយស្រួល ដោយសារតែមនោគមវិជ្ជាជ្រុលនិយម និងការលូកដៃចូល ក្នុងកិច្ចការផ្ទៃក្នុងរបស់បរទេស ដែលនេះគឺជាកត្តាដែលអាចធ្វើឱ្យមានការបែកបាក់ជាតិ ប្រទេសជួបនឹងវិបត្តិ ហើយអាចធ្វើឱ្យកម្ពុជាត្រឡប់ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមឡើងវិញ។ ដូច្នេះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកយាយ លោកតា អ៊ុំ ពូ មីងមា បងប្អូនប្រុសស្រី ក្នុងការប្តេជ្ញាសាមគ្គីគ្នា និងរួមគ្នាជាធ្លុងមួយជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកសាងសន្តិភាព និងការពារសន្តិភាព នោះសន្តិភាពរបស់កម្ពុជានឹងនៅឋិតថេរគង់វង្សជាអមត តកូនតចៅជំនាន់ក្រោយរបស់យើងតទៅមុខទៀត។

ក្នុងឱកាសនេះ លោក កើត រិទ្ធ ក៏បានធ្វើការផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖

ទី១៖ សូមផ្ទៀងផ្ទាត់ និងរៀបចំឯកសារសម្រាប់ការបោះឆ្នោតនាពេលខាងមុខឱ្យបានត្រឹមត្រូវ ដើម្បីអនុវត្តសិទ្ធិជាពលរដ្ឋល្អចូលរួមក្នុងការបោះឆ្នោត

ទី២៖ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ព្រោះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជា «ការបោះឆ្នោតឱ្យខ្លួនឯង» ដោយសារគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន កើតឡើងដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបុព្វហេតុ និងផលប្រយោជន៍របស់ប្រជាជន ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់ និងជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីឱ្យកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ

ទី៣៖ ត្រូវចូលរួមធ្វើការផ្សព្វផ្សាយឱ្យបានផុសផុលដល់សមាជិកគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត អំពីស្មារតីសន្តិភាពនិយម និងអភិវឌ្ឍន៍និយមរបស់គណបក្សប្រជាជនកម្ពុជា

ទី៤៖ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាត្រូវជួយសម្របសម្រួលដល់គ្រប់សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ជាពិសេស លោកតា លោកយាយដែលមានវ័យជរា និងជនមានពិការភាព ព្រមទាំងអ្នកដែលមានទីលំនៅឆ្ងាយពីការិយាល័យបោះឆ្នោត ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅចូលរួមបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ក្រៅពីកម្មវិធីខាងលើនេះ, ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី និងលោក កើត រិទ្ធ អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកមោងឫស្សី ក៏បានអញ្ជើញដឹកនាំលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ នៅតាមឃុំចំនួន ៧ រួមមាន ឃុំគារ ឃុំតាលាស់ ឃុំព្រៃតូច ឃុំមោង ឃុំរបស់មង្គល ឃុំកកោះ និងឃុំឫស្សីក្រាំង ដែលមានអ្នកចូលរួមពីបណ្តាឃុំទាំង៧នេះ ជាង៣៥០០នាក់ផងដែរ៕