(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា កម្ពុជាមានភាពចាស់ទុំផ្នែកនយោបាយ និងលើដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រកបដោយភាពត្រឹមត្រូវ និងម្ចាស់ការ តាមរយៈការបោះឆ្នោត ដែលត្រូវបានរៀបចំឡើងជាទៀងទាត់។ ប្រជាជនគ្រប់រូបមានសិទ្ធិពេញលេញ ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង ក្នុងការជ្រើសរើស និងគាំទ្រចំពោះបុគ្គល ឬគណបក្សនយោយបាយដែលខ្លួនពេញចិត្ត ដែលប្រជាជនទុកចិត្តថានឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើនរុងរឿង។
លោក អ៊ាង សុផល្លែត បានលើកឡើងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយសមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអូររាំងឪ និងយុវជនជាអ្នកសង្កេតការណ៍លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ នៅសាលាស្រុកអូររាំងឪ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
ប្រធានក្រុមការងារ បានសង្កត់ធ្ងន់ដែរថា អ្វីទាំងអស់នេះ ក៏ព្រោះតែប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ទើបយើងអាចដំណើរការ បានយ៉ាងរលូននូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
បន្ថែមពីលើនេះលោក អ៊ាង សុផល្លែត បានណែនាំឱ្យយុវជនត្រូវបំពេញភារកិច្ចដោយផ្អែកលើច្បាប់ និងបេះដូង មានន័យថាយុវជនដែលចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតខាងមុខនេះត្រូវយល់ច្បាស់អំពីច្បាប់បោះឆ្នោត និងត្រូវប្រកាន់យកនូវសច្ចធម៌ជាមួយទំនួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ គឺជួយធានាដល់ការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយរលួន និងទទួលបានជោគជ័យ ហើយបង្ហាញពីភាពម្ចាស់ការដោយមិនពឹងផ្អែកលើបរទេស។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់បងប្អូនយុវជនជួយជំរុញប្រជាពលរដ្ឋយើងឱ្យអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៀត៕