(ព្រះសីហនុ)៖ ភ្ញៀវទេសចរជាតិ និងបរទេសចុងក្រោយ ៣២នាក់ ដែលជាប់នៅលើកោះកោះរ៉ុង ដោយសារអាកាសធាតុមិនល្អ (ភ្លៀង ខ្យល់កន្ត្រាក់ និងរលកខ្លាំង) ត្រូវបានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំជួយសង្គ្រោះនាំយកពីក្រុងកោះរ៉ុង មកដល់ដីគោកវិញដោយសុវត្ថិភាពហើយ នៅល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៣ ដោយប្រើប្រាស់ អូប័រល្បឿនលឿនរបស់ឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ។
លោក គួច ចំរើន បានឱ្យដឹងថា អ្នកទេសចរដែលដឹកជញ្ជូនចេញពីកោះរ៉ុង មកក្រុងព្រះសីហនុ នៅល្ងាចថ្ងៃ១៨ ខែកក្កដានេះ ភាគច្រើនជាជនបទេសមកពីអុឺរ៉ុប ដូចជាប្រទេសហូឡង់ជាដើម។
នាឱកាសនោះដែរ ភ្ញៀវទេសចរបានថ្លែងអំណរគុណអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ដែលប្រើប្រាស់អូប័រល្បឿនលឿនទំនើបជួយដឹកជញ្ជូនពីដីកោះមកក្រុងព្រះសីហនុដោយសុវត្ថិភាពទាន់ពេល មិនខកពេលជើងយន្តហោះត្រឡប់ទៅប្រទេសកំណើតវិញឡើយ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា លោក គួច ចំរើន បានបញ្ជាឱ្យសមត្ថកិច្ច និងផ្នែកពាក់ព័ន្ធចេញកប៉ាល់ធំៗ ទៅដឹកភ្ញៀវទេសចរដែលជាប់គាំងនៅតាមកោះ នាំមកក្រុងព្រះសីហនុវិញ ដោយសារបញ្ហាធាតុអាកាសមិនល្អ ដែលមានភ្ញៀវទេសចរចំនួន ៧០៨នាក់ ស្រី៣៤៧នាក់ ក្មេងមានចំនួន ១៥នាក់ ក្រោយជាប់នៅលើកោះ៕