(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗប្រចាំសប្តាហ៍ និងបានអំពាវនាវយោធិនគ្រប់រូប និងក្រុមគ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រួតពិនិត្យឯកសារគ្រប់គ្រាន់ ដើម្បីត្រៀមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ បានគ្រប់ៗគ្នា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានលេខ០០៥ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបានបញ្ជាក់ថា ជនទាំងឡាយណាដែលញុះញង់ ឬណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល នៅពេលទៅបោះឆ្នោត និងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន ហើយនឹងត្រូវពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងទាំងអស់ត្រូវបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តាមផែនការដែលបានដាក់ចេញ ដើម្បីធានាការពារឲ្យបានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋដែលត្រូវអញ្ជើញទៅបោះឆ្នោត នៅតាមមូលដ្ឋាននានាឲ្យទទួលបានជោគជ័យ៕