(កំពង់ស្ពឺ)៖ ​ក្រុមការងារកម្មវិធី​អភិវឌ្ឍន៍​ភាពជាអ្នកដឹកនាំនយោបាយ​ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានីភ្នំពេញ​បានសហការជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​កំពង់​ស្ពឺ បានរៀបចំពិធីផ្សព្វផ្សាយកម្មវិធីកម្ពុជា​មុន​នឹង​មាន​ថ្ងៃនេះ (Cambodia- before & after) ជូនដល់យុវជន​យុវនារី​ ក្នុងខេត្តកំពង់ស្ពឺជាលើកទីពីរ។

កម្មវិធី​នេះបានទទួលការគាំទ្រ​របស់​លោក ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​លោក សាយ​ សំអាល់​ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ជាប្រ​ធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានីភ្នំពេញ​។

កម្មវិធី​នេះ​ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២៣​ នៅ​សាលមហោស្រព​នៃបណ្ណាល័យ​កំពង់ស្ពឺ​ ក្នុង​ក្រុង​ច្បារមន​ ខេត្តកំពង់​ស្ពឺ​ ក្រោ​ក្រោមអធិបតីភាព​លោក ជា​ ច័ន្ទ​បរិបូរណ៍​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ និង​ជាផលិត​ករ​វីដេអូ​ឯកសារ​ កម្ពុជា​មុន​នឹង​មាន​ថ្ងៃនេះ​ និង​លោក សរ​ សុពុត្រា​ អភិបាលរងខេត្ត​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ ព្រមទាំង​មានការ​ចូលរួម​ពី​យុវ​ជន​ យុវនារី​ និង​សិស្សានុសិស្ស​ជាង២០០នាក់។

តាម​ការ​បញ្ជាក់​របស់​លោក មាស​ សុភ័ណ្ឌ​ នាយករងកម្មវិធី​ និង​ជាអ្នក​សម្របសម្រួល​កម្មវិធី​ បាន​បញ្ជាក់​ថា​ កម្មវិធី​ស្វែង​យល់​ការ​ពិត៖​ កម្ពុជា​មុន​នឹង​មាន​ថ្ងៃ​ (Cambodia- before &after) ធ្វើឡើង​ក្នុង​គោល​បំណង​បញ្ជ្រាប​ការយល់ដឹង​បន្ថែម​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ និយាយ​ជារួម​ និង​និយាយ​ដោយ​ឡែក​យុវ​ជន​នៅ​ក្រុងច្បារ​មន​ ខេត្ត​កំពង់ស្ពឺ​ ឱ្យយល់​អំពី​ប្រ​វត្តិ​សាស្ត្រកម្ពុជា​ពី​ដំណាក់កាល​មួយទៅ​ដំណាក់កាល​មួយ​ ជាពិសេស​ការរងទុក្ខ​វេទនា​របស់​ប្រជាជន​កម្ពុជា​ក្នុង​ពេល​ប្រទេស​ជាតិ​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ស៊ីវិល​ និង​របបដ៏សាហាវ​យង់ឃ្នង​របស់​ខ្មែរ​ក្រហម​ (សម័យ​ ប៉ុល​ ពត)​ និង​ការ​អភិវឌ្ឍប្រទេសជាតិ​ឡើងវិញ​ ជាពិសេស​ការ​អភិវឌ្ឍ​របស់​ក្រុង​ច្បារមន​ ក្រោម​ម្លប់​តេជោ​សន្តិភាព​ ព្រមជាកាពង្រឹង​ស្មារតី​របស់​យុជន​ជំនាន់​ក្រោយ​ អោយយល់ពី​គុណតម្លៃ​នៃ​សន្តិភាព​ ចេះ​ថែរក្សា​សុខសន្តិភាព​ និង​តម្កល់ផលប្រយោជន៍ជាតិ​ជាធំ​ និង​ការពារ​សន្តិភាព​ ដើម្បី​កុំឱ្យ​កម្ពុជា​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដូចពី​អតីតកាលជាថ្មីម្តងទៀត។ ​ ក្នុងកម្មវិធី​នេះ​ មាន​ការធ្វើ​បទបង្ហាញ​របស់​វាគ្មិន​ ការ​បញ្ចាំង​វិដេអូ​ឯកសារ​អំពីក្រុង​ច្បារមនពេល​មានសង្គ្រាម និងពេលបច្ចុប្បន្ន និង​ការឆ្លើយ​សំណួរ​របស់​អ្នកចូលរួម​ផងដែរ។

គួរ​រំលែក​ផងដែរ​ថា​ កម្មវិធី​ស្វែង​យល់​ការ​ពិត​៖​កម្ពុជា​មុន​នឹង​មាន​ថ្ងៃ​នេះ​ (Cambodia- before & after) នឹង​ចុះទៅរៀបចំ​កម្មវិធី​នេះ​នៅតាម ឃុំសង្កាត់​ ក្រុង​ ស្រុក​ ខណ្ឌ​នានាទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​មូលដ្ឋាន​ជាក់ស្ដែង​ ដែលរង​គ្រោះដោយ​សង្គ្រាម​ស៊ីវិល​ និង​របបខ្មែរ​ក្រហម​ ព្រម​ព្រមទាំង​ការ​អភិវឌ្ឍ​របស់មូលដ្ឋាន​ទាំងនោះ​ ក្រោយ​ប្រទេស​ជាតិមាន​សុខសន្តិភាព​ពេញ​បរិបូរណ៍​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​បញ្ញាញាណវៀងវៃរបស់​សម្តេចតេជោ​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​។

កម្មវិធី​នេះ​បាន​រៀនចំ​បាន​ចំនួន​៤លេីក​រួច​ហើយ​ទាំងលើកនេះ​រួមមាន​៖ នៅ​អមលាំង​ ស្រុក​ថ្ពង​ និងក្រុង​ច្បារមន​ ខេត្តកំពង់​ស្ពឺ​ ស្រុក​ចន្ទ្រា​ ខេត្តស្វាយរៀង​ និង​ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប​៕