(ភ្នំពេញ)៖ មានបេក្ខជន បេក្ខនារី ដែលរួមានទាំងព្រះសង្ឃ និងជនពិការសរុប ២,៣៩៣នាក់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ បានចូលរួមប្រឡងដណ្តើមយកកៅអីការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីប្រឡងត្រូវបានធ្វើនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
ការប្រឡងដណ្តើមយកកៅអីការងារនៅក្រសួងកសិកម្មមានរយៈពេលមួយថ្ងៃពេញ ដោយប្រឡងលើវិញ្ញាសារចំណេះដឹងទូទៅ ភាសា និងជំនាញឯកទេសរបស់បេក្ខជននីមួយៗ។ សូមបញ្ជាក់ថា ក្នុងចំណោមបេក្ខជាង ២ពាន់នាក់នេះ ក្រសួងជ្រើសរើសតែ ៣៣៣នាក់ប៉ុណ្ណោះ ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០១៧។
ការប្រឡងនេះ ត្រូវបានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញកាត់កញ្ចប់វិញ្ញាសារ និ ងចែកវិញ្ញាសារដល់បេក្ខជនដោយផ្ទាល់នាព្រឹកមិញនេះ។
ក្នុងឱកាសបើកកញ្ចប់វិញ្ញាសារប្រឡង លោករដ្ឋមន្រ្តី បានអះអាងថា ការប្រឡងធ្វើឡើងដោយភាពសុក្រឹត និងពឹងផ្អែកលើសមត្ថភាពបេក្ខជនផ្ទាល់មិនមានការស៊ីសំណូកសូកប៉ាន់អ្វីនោះឡើយ។ លោករដ្ឋមន្រ្តី បន្តថា ក្រសួងត្រូវការចម្រាញ់យកមន្រ្តី ដែលមានធនធានចំណេះដឹង និងជំនាញពិត ដើម្បីបម្រើការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ ហើយក៏ជាការចូលរួមលើកទឹកចិត្តដល់និស្សិតកម្ពុជា ដែលបានខិតខំសិក្សារៀនសូត្រផងដែរ។
លោករដ្ឋមន្រ្តី វេង សាខុន ក៏បានថ្លែងអំណរគុណផងដែរ ដល់អង្គភាពប្រឆាំងអំពើពុករលួយ មានលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាប្រធាន ដែលបានចូលរួមតាមដាន និងសង្កេតការណ៍លើដំណើរការការប្រឡងនេះ តាំងពីដើមរហូតដល់ចង់៕