(កំពង់ចាម)៖ នាព្រឹកថ្ងៃអង្គារ ទី ១៨ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ុក ប្រជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បេក្ខជនបម្រុង​តំណាង​រាស្រ្ត​ខេត្ត​កំពង់​ចាម​ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ តំណាងលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ព្រៃឈរ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាប្រមាណជិត ១០០០នាក់ នៅឃុំសំរោង និងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា ដើម្បីផ្សព្វផ្សាយគោលនយោបាយ គណបក្សប្រជាជនកម្ពុជា ជម្រាបជូនលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោត និងបង្ហាញការគូសសន្លឹកឆ្នោតគំរូ។

នាឱកាសសំណេះសំណាលនេះ លោក អ៊ុក ប្រជា បានរំលឹកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះកម្ពុជា និងសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជា ពីភ្នក់ភ្លើងសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ ហើយក៏បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ ព្រមទាំងមានការអភិវឌ្ឍ និងមានស្ថិរភាពដូចសព្វថ្ងៃ។

បន្ថែមពីនេះ លោកបានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជា ការបោះឆ្នោតឱ្យខ្លួនឯង ព្រោះថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន កើតឡើងដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបុព្វហេតុ និងផលប្រយោជន៍របស់ប្រជាជន។ ទន្ទឹមនេះ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់ និងជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីឱ្យកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ពោលគឺ ដើម្បីធ្វើឱ្យធ្វើឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីសុខ និងមានជីវភាពរីកចម្រើន និងសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងពិធីនេះ លោក អ៊ុក ប្រជា បានអំពាវនាវដល់គ្រប់សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ សូមត្រៀមឯកសារពាក់ព័ន្ធឱ្យបានរួចរាល់ដើម្បីចូលរួមការបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕