(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពុទ្ធសាសនូបត្ថម្ភ និងជាអ្នកទ្រទ្រង់សាសនាប្រកបទឹកចិត្តជ្រះថ្លាជាទីបំផុត។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏តែងតែរៀបចំទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់តាមទីអារាមនានានៅមុនពេលបុណ្យចូលកាន់ព្រះវស្សាផងដែរ។
នៅព្រឹកថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ចែងរៀបចំប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់វត្តចំនួន៣៥ មកពីស្រុកកណ្តាលស្ទឹង និងស្រុកមួយចំនួនទៀតនៅក្នុងខេត្តកណ្តាល។
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃត្រៀមចូលព្រះវស្សានាពេលខាងមុខនេះ ត្រូវបានអញ្ជើញរៀបចំឡើងដោយអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា និងអ្នកឧកញ៉ា គៀន ស្រីនាង នៅវត្តអង្គព្រោជ ស្ថិតក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹង។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកឪពុក អ្នកម្តាយរបស់អ្នកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ព្រមទាំងញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។
ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានបូជាទៀនធូបផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ។ បន្ទាប់មកតាអាចារ្យក៏បានដឹកនាំធ្វើកិច្ចនានាតាមពិធីសាសនា រួមមានការធ្វើបទនមសការព្រះរតនត្រ័យ សមាទានសីលជាដើម និងការវេរប្រគេនទៀនព្រះវស្សា និងទេយ្យទានទៅដល់វត្តទាំង៣៥។
បន្ទាប់ពីការវេរប្រគេននូវទៀនព្រះវស្សា និងទេយ្យទានហើយនោះ ព្រះសង្ឃក៏បានសូត្រមន្តចម្រើនព្រះបរិត្ត ផ្តល់នូវពុទ្ធជ័យប្រោសព្រំប្រសិទ្ធពរជ័យសិរីសួស្តីទាំងឡាយកើតមានទៅដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកឧកញ៉ា និងម្ចាស់ទៀន ហើយក៏សូមឧទ្ទិសកុសលផលបុណ្យទាំងឡាយបានដល់ញាតិការដែលបានចែកឋាន។
ការប្រគេទៀនព្រះវស្សា ជាប្រពៃណី និងជាទំនៀមទម្លាប់មួយរបស់ប្រជាពុទ្ធបរិស័ទខ្មែរ តែងតែធ្វើឡើងនៅមុនការចូលមកដល់នៃបុណ្យចូលព្រះវស្សា។ បុណ្យចូលព្រះវស្សានៅឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
បុណ្យចូលព្រះវស្សាដែលមានរយៈពេលប្រមាណជា៣ខែនេះ ជាពេលវេលាមួយដែលព្រះសង្ឃពិបាកនិមន្តបិណ្ឌបាត្រព្រោះជារដូវភ្លៀង។ អាស្រ័យហេតុនេះហើយ ទើបប្រជាពុទ្ធបរិស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀនព្រះវស្សាសម្រាប់អុជបំភ្លឺក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗសម្រាប់ជាចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្តបិណ្ឌបាត្រនេះ។
ជារៀងរាល់ឆ្នាំមុនការចូលមកដល់ថ្ងៃបុណ្យចូលព្រះវស្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានរៀបចំប្រគេនទៀនព្រះវស្សា និងទេយ្យទានគ្រប់ទីអារាមនៅទូទាំងប្រទេស និយាយដោយឡែកសម្រាប់ស្រុកកណ្តាល តាមរយៈអ្នកឧកញ៉ា ទ្រី ភាព ក៏តែងតែបានប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តនានាមិនដែលខាននោះឡើយ។
ព្រះតេជគុណ ប៊ុត សោភ័ណ អនុគណស្រុកកណ្តាលស្ទឹង និងជាព្រះចៅអធិការវត្តវិហារបិទមាស បានមានសង្ឃដីកាថា ការប្រគេនទៀនព្រះវស្សា ប្រៀបដូចការបូជាប្រទីបដល់ព្រះពុទ្ធបដិមា ដែលជាការនឹករលឹកឃើញនូវព្រះសម្មាសម្ពុទ្ធ ជាការបូជាចំពោះគុណរបស់ព្រះពុទ្ធ។
ព្រះអង្គមានសង្ឃដីកាទៀតថា ការប្រគេនទៀនព្រះវស្សាតែងមាននូវតេជៈ ជាបុណ្យជាកុសល ជាអនិសង្សខ្ពង់ខ្ពស់សម្រាប់បុគ្គលអ្នកជ្រះថ្លា មានឧបនិស្ស័យទៅកើតក្នុងសុគតិភពមនុស្ស ទេវតាជាដើម។
ព្រះតេជគុណ ប៊ុត សោភ័ណ បានបង្ហាញការកត់សម្គាល់របស់ព្រះអង្គថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ជាពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាខ្ពស់ក្នុងព្រះពុទ្ធសាសនា ហើយតែងតែយកចិត្តទុកដាក់ខ្ពស់ដល់ពិធីនានារបស់ព្រះពុទ្ធសាសនា។
ក្នុងពិធីនាព្រឹកមិញនេះ ក្រៅតែពីប្រគេនទៀនព្រះវស្សាក្នុងមួយវត្តមួយគូហើយ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏មានសទ្ធា ប្រគេននូវទេយ្យទានផ្សេងៗមួយចំនួនទៀតរួមមាន៖ បច្ច័យបួនសម្រាប់ព្រះសង្ឃ ៣៥អង្គ ក្នុងមួយអង្គ ៧៣៦,០០០រៀល បច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃក្នុងមួយវត្ត ១,៦០០,០០០រៀល លាង ៣៥កញ្ចប់ អង្ករក្នុងមួយវត្ត ១០០គីឡូក្រាម មី ទឹកដោះគោខាប់ ត្រីខកំប៉ុង សាច់ជ្រូកផាត់ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា ទឹកផ្លែឈើ ទឹកបរិសុទ្ធ។
ក្រៅតែពីការប្រគេនទៀនព្រះវស្សា និងទេយ្យទានទៅតាមទីអារាម និងព្រះ សង្ឃហើយនោះ ក៏មានការរៀបចំចែកទានដល់លោកយាយ លោកតា តាអាចារ្យ គណៈកម្មការវត្តសរុបប្រមាណ ២៣៥នាក់ ក្នុង ១នាក់ទទួលបានថវិកា ១០ម៉ឺនរៀល និងក្រម៉ា២ផងដែរ។
បន្ថែមពីលើនោះ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានរៀបចំចង្ហាន់ថ្ងៃត្រង់ប្រគេនព្រះសង្ឃទាំង ៣៥អង្គ និងជូនដល់លោកយាយលោកតា ដែលបានអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ។ ក្នុងពិធីនេះ បានចំណាយថវិកាសរុបប្រមាណជា ៧ម៉ឺនដុល្លារអាមេរិក។
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លា។ លោកយាយលោកតា ក៏បានសម្តែងក្តីត្រេកអរចំពោះការទទួលបាននូវទានកើតចេញពីទឹកចិត្តដែលជាសទ្ធាដ៏ជ្រះថ្លានោះ។
លោកយាយ សាន សុភាព បានបង្ហាញការពេញចិត្ត និងរីករាយជាខ្លាំងចំពោះពិធីដ៏រីករាយនាព្រឹកមិញនេះ។ លោកយាយ ក៏បានលើកសរសើរអ្នកឧកញ៉ា ទ្រី ភាព ថាតែងតែគិតគូរដល់ស្រុកកំណើត ហើយបានចូលរួមកសាងសមិទ្ធផលជាច្រើននៅក្នុងឃុំត្បែងទាំងក្នុងវិស័យព្រះពុទ្ធសាសនា និងអាណាចក្រ មានដូចជាផ្លូវ និងសាលារៀនជាដើម។ ជាពិសេសអ្នកឧកញ៉ា តែងជួយទុក្ខធុរៈរបស់លោកយាយ លោកតា និងប្រជាពលរដ្ឋ៕