(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញពិសាបាយការងារពេលព្រឹកជាមួយលោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន នៅនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូត។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានអបអរសាទរគ្នាទៅវិញទៅមក អំពីការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយចិន នាពេលថ្មីៗនេះ ព្រមទាំងបានពិភាក្សាអំពីវិស័យកិច្ចសហប្រតិបត្តិការនានាដែលជាប្រយោជន៍ទៅវិញទៅមករវាងអាស៊ាន និងចិន។

នៅនៅព្រឹកថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានអនុញ្ញាតឱ្យលោកស្រី Marina Berg ឯកអគ្គរាជទូតស៊ុយអែត ប្រចាំអាស៊ានចូលជួបសំដែងការគួរសម និងជម្រាបលា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងភាពជាដៃគូរវាងអាស៊ាន និងសហភាពអឺរ៉ុប ក៏ដូចជា រវាងអាស៊ានជាមួយ ជាមួយស៊ុយអែត ជាពិសេសក្នុងវិស័យដែលជាប្រយោជន៍រួម និងវិស័យជំនាញនានា ដែលស៊ុយអែតអាចផ្តល់ឱ្យអាស៊ានបាន។

ដោយឡែកនៅរសៀលថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានជម្រាបជូនអង្គទូតប្រចាំអាស៊ាន និងប្រព័ន្ធផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់១៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានចែករំលែកពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំជាបន្តបន្ទាប់នេះ ដែលបានបង្ហាញពីមជ្ឈភាពអាស៊ាន សារៈសំខាន់នៃយន្តការដឹកនាំដោយអាស៊ាន និងការបន្តគាំទ្រពីដៃគូខាងក្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ដដែល ក៏បានអនុញ្ញាតឱ្យលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតជ្រើសតាំង នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម មុនពេលឯកឧត្តមចាកចេញទៅប្រទេសកម្ពុជានៅខែសីហា ខាងមុខ។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរ និងបង្ហាញក្តីសង្ឃឹមថា នៅក្រោមការដឹកនាំរបស់លោកឯកអគ្គរដ្ឋទូត ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលជាសមាជិកអាស៊ានដូចគ្នា នឹងបន្តរីកចម្រើនដើម្បីជាផលប្រយោជន៍នៃប្រជាជននៅក្នុងតំបន់៕