(កណ្តាល)៖ បណ្ឌិត ចន ណារិទ្ធ ប្រធានក្រុមការងារគណបក្សប្រជាជនសាខាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយជនបង្គោលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ទាំង១១ នៃក្រុងអារិយក្សត្រ ខេត្តកណ្តាល ដើម្បីបន្តផ្សព្វផ្សាយពីគោលនយោបាយគណបក្ស និងរលឹកពីរបៀបគូសសន្លឹកឆ្នោត ដើម្បីឱ្យពួកគាត់យកទៅផ្សព្វផ្សាយបន្តដល់ពលរដ្ឋមន្ចាស់ឆ្នោត នៅក្នុងសង្កាត់ទាំង ១១ ចំណុះឱ្យក្រុង។
ថ្លែងក្នុងឱកាសនោះ បណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនសំខាន់ៗជាច្រើនរូប ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីនាំយកនូវសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ និងប្រជាជនខ្មែរទូទាំងប្រទេស។
បន្ថែមពីនេះ លោកបណ្ឌិត ចន ណារិទ្ធ ក៏បានបញ្ជាក់ដែរថា ដើម្បីបន្តការពារសុខសន្តិភាពដែលទទួលបានទាំងលំបាក និងស្ថេរភាពពេញលេញ ជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តទៀត, សូមជនបង្គោលទាំងអស់ដែលជាកម្លាំងឃោសនាដ៏សំខាន់របស់គណបក្សប្រជាជន បន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ពន្យល់ និងលើកទឹកចិត្តបងប្អូនយើងក្នុងមូលដ្ឋាននៃសង្កាត់នីមួយៗ ឱ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ៕