(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ នៅថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានផ្លូវក្រាលគ្រួសក្រហម ១ខ្សែ មានប្រវែងជិត ៦គីឡូម៉ែត្រ នៅក្នុងមូលដ្ឋានភូមិស្នោរឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាមួយនឹងសមិទ្ធកើតឡើងជាបន្តបន្ទាប់នេះ ប្រជាពលរដ្ឋសម្តែងភាពសប្បាយរីករាយ និងប្តេជ្ញាគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ពិសេសបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជារដ្ឋនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ក្រោមដំបូលសន្តិភាពប្រជាជនទាំងអស់រស់នៅដោយសុខសាន្ត មិនមានការភ័យខ្លាចក្តីបារម្មណ៍ផ្សេងៗដែលជាកត្តាសំខាន់ក្នុងការរស់នៅទទួលទានប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាកាលណាប្រទេសជាតិមានសុខសន្តិភាពនោះ ហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវមានការអភិវឌ្ឍជាបណ្ដើរៗ ដូច្នេះ ហើយមានតែសុខសន្តិភាពតែមួយគត់ទើបមានការអភិវឌ្ឍ ហើយសុខសន្តិភាពនេះ គឺមិនមានអ្វីអាចមកដោះដូរបានឡើយ។
លោកស្រីបញ្ជាក់ថា ផ្លូវក្រាលគ្រួសក្រហមប្រវែងជិត ៦០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នេះជាអំណោយរបស់បណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា តាមរយៈលោក គុយ លាងគី និងលោកស្រី ឃួន ឃុនឌី ដើម្បីឱ្យប្រជាពលរដ្ឋសិស្សានុសិស្សធ្វើដំណើរទៅសាលា និងដឹកកសិផលទៅកាន់ទីផ្សារបានស្រួល។
លោកស្រីបានបន្តថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ រហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសសម្តេច មានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវជំងឺកូវីដ១៩ និងសូមឱ្យប្រជាពលរដ្ឋមានជំហរច្បាស់លាស់សម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងការបោះឆ្នោតដើម្បីកំណត់នូវជោគវាសនារបស់ប្រទេសជាតិក៏ដូចជាកំណត់នូវជោគវាសនារបស់ខ្លួនឯងផងដែរ។
លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍទៅមុខពិសេសថែរក្សាសមិទ្ធផលដែលរកបានដោយលំបាក៕