(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលជាទី១៨ នៃយុទ្ធនាការឃោសនាបោះឆ្នោត បានចុះជួបសំណេះសំណាលជាមួយអាជីករលក់ដូរ នៅផ្សារកំពង់ថ្ម ស្ថិតនៅឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។
នាឱកាសចុះជួបសំណេះសំណាលប្រកបដោយភាពស្ធិទ្ធស្នាលនោះដែរ លោកបណ្ឌិត ថោង ខុន ក៏បានថ្លែងកោតសរសើរដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារ ដែលបានរៀបចំការលក់ដូរប្រកបដោយរបៀបរៀបរយ និងមានអនាម័យត្រឹមត្រូវ ដែលបានផ្តល់នូវសុវត្ថិភាពចំណីអាហារសម្រាប់អ្នកទទួលទាន និងបានកោតសរសើរអ្នកក្រុមការងារក៏ដូចជាប្រធានគ្រប់គ្រងផ្សារកំពង់ថ្ម ដែលបានរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋចេញ-ចូលទិញទំនិញផងដែរ។
បន្ថែមពីនេះលោកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករ ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ជាមុន និងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមទៅបោះឆ្នោតជូនគណបក្សដែលដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាក។
លោកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នឹងបានបន្តដឹកនាំមាតុភូមិកម្ពុជា ក្នុងសុខសន្តិភាព កាន់តែរីកចម្រើនរុងរឿងទៅមុខរៀងរហូត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។
បងប្អូនអាជីវករ រួមទាំងប្រជាពលរដ្ឋដែលបានជួបនាឱកាសនោះ ក៏បានបង្ហាញការស្វាគមន៍ ជាមួយនឹងស្នាមញញឹមប្រកបដោយភាពស្និទ្ធស្នាល និងបានប្តេជ្ញាចិត្តទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ ហ៊ុន សែន បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ ខណៈការបោះឆ្នោតនិងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕