(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានកសាងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលមានប្រវែងសរុប១,៨៥០ម៉ែត្រ ដែលជាអំណោយរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក សៅសុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ជូនដល់អ្នកភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក, លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកអធិការនគរបាលស្រុក, មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក, អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនសាងសង់ផ្លូវ និងប្រជាពលរដ្ឋ ប្រមាណ ៣០០នាក់ផងដែរ។
លោក តូច ប៉ូលីវ៉ា បានពាំនាំនូវកាផ្តាំផ្ញើសាកសួរសុខទុកសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលជានិច្ចជាកាលសម្តេច ម៉ែន សំអន និងលោក ម៉ែន វិបុល តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាទុក្ខលំបាកនានា ជូនដល់ប្រជាពលរដ្ឋបានទាន់វេលាផងដែរ។
លោកបានបន្តថា សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលលេចឡើងនៅក្នុងមូលដ្ឋាន គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ។
លោកអភិបាលរងខេត្តស្វាយរៀងរូបនេះ ក៏បានសំណូមពរដល់ពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាផ្លូវមួយខ្សែរនេះ ដែលជា អំណោយរបស់លោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករមាសហែក និងលោក តាវ គារី ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំអណ្ដូងត្របែក ដែលទុកជាអនុស្សាវរីយ៍ និងចំណងដៃជូនដល់អ្នកភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែកឱ្យបានយូរអង្វែងសម្រាប់បម្រើប្រយោជន៍នៅមូលដ្ឋាន។
លោកបានបន្ថែមថា ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងជាថវិកាផ្ទាល់ខ្លួនរបស់លោករដ្ឋមន្ត្រី ដែលគ្រោងចំណាយថវិកាសរុប ៣៨,៥៥៩.៦០ដុល្លារ ម្យ៉ាងទៀតប្រជាពលរដ្ឋ ដែលនៅរស់នៅសងខាងផ្លូវកំពុងស្ថាបនានេះ សូមមេត្តាយោគយល់ និងអធ្យាស្រ័យព្រមទាំង ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការ គ្រោងទុក។
លោកថាការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ នៅថ្ងៃនេះយើងកសាងជាផ្លូវក្រាលគ្រួស ប៉ុន្តែទៅថ្ងៃមុខនឹងអាចប្រែក្លាយផ្លូវនេះពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗរបស់ប្រជាពលរដ្ឋដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិយើង ។
បន្ថែមលើសពីនេះលោក តូច ប៉ូលីវ៉ា ក៏បានសំណូមពរដល់ពលរដ្ឋ ត្រូវស្រឡាញ់ និងថែរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាព និងត្រូវធ្វើជាប្រជាពលរដ្ឋ គំរូ ក្នុងសង្គម នាពេលខាងមុខសូមចូលរួមក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តែងឱ្យឃើញនូវប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ជាពិសេសបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងនីតិកាលបន្តបន្ទាប់ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគតផងដែរ៕