(ភ្នំពេញ)៖ អនុស្សរណៈយោគយល់គ្នាចំនួន២ ត្រូវបានចុះហត្ថលេខា ក្នុងគោលបំណងរួមគ្នា ដើម្បីលើកកម្ពស់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈការបណ្តុះបណ្តាលផ្សេងៗ ដែលមានរយៈពេល៣ឆ្នាំ។ ការចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រវាងសមាគមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្ពុជា និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា។

អនុស្សរណៈយោគយល់គ្នាមួយទៀត គឺរវាងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឍមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ ក្នុងគោលបំណងរួមគ្នាផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា បុគ្គលិក គ្រូបង្រៀនទៅវិញទៅមក ការសិក្សាស្រាវជ្រាវលើកការអភិវឌ្ឍកម្មវិធីសិក្សា ការគាំទ្រលើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងសកម្មភាពមួយចំនួនទៀត។

លោក ហ៉ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងទទួលស្គាល់កម្មវិធីបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ ចាត់តាំងមន្ត្រីរបស់អគ្គនាយកដ្ឋានចំនួន១រូប ដើម្បីជាជនបង្គោលក្នុងការសម្របសម្រួល និងធ្វើការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ បញ្ជូនមន្ត្រីរាជការ គ្រូបង្រៀន ចូលរួមវគ្គបណ្តុះបណ្តាលតាមការអញ្ជើញរបស់មជ្ឈមណ្ឌល និងអញ្ជើញតំណាងមជ្ឈមណ្ឌលចូលរួមរាល់កម្មវិធីសំខាន់ៗ ដែលពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ធនធានមនុស្ស។

លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានថ្លែងថា កន្លងមកសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ក៏ដូចជាមជ្ឍមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន Reskills ដែលជាប្រព័ន្ធអប់រំមួយ ផ្តល់កម្មវិធីវគ្គបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្សគ្រប់ជំនាញ បែបទំនើបលើប្រព័ន្ធអនឡាញ ដែលផ្តល់ភាពងាយស្រួលដល់សិក្ខាកាម និងអ្នកសិក្សាគ្រប់កម្រិត គ្រប់ជាតិសាសន៍ នៅលើសកលលោក ក្នុងតម្លៃសមរម្យបំផុតគឺ១ដុល្លារក្នុង១ខែ។

តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ មជ្ឍមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ នឹងផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាម សិស្ស និស្សិត ទាំងនៅទីតាំងមជ្ឈមណ្ឌល និងតាមប្រព័ន្ធអនឡាញ ដោយគោរពតាមបែបបទ និងការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បញ្ជូនកម្មវិធីសិក្សាមកអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទទួលស្គាល់ និងតម្កល់ទុកផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងជួយបណ្តុះបណ្តាលគ្រូ នៃក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈតាមលទ្ធភាពរបស់មជ្ឈមណ្ឌល។

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានប្រកាសពីការផ្ដល់អំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនប្រជាជនពលរដ្ឋទូទៅ សម្រាប់អ្នកមានបំណងរៀនមុខជំនាញវិជ្ជាជីវៈ ទៅតាមការជ្រើសរើស ក្នុងចំណោមមុខវិជ្ជា ជាង១,៦០០ជំនាញ ចំនួន៥,០០០នាក់ ដោយមិនគិតថ្លៃ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលម៉ូឌែន៥ ខណៈបច្ចុប្បន្នកម្មវិធីសិក្សា ReSkills មានសមាជិកចូលរៀនជាង ១លាននាក់ នៅតាមបណ្តា៣០ប្រទេស។

តាមរយៈកម្មវិធីសិក្សាខាងលើនេះ មានបង្រៀនជាភាសា អង់គ្លេស ចិន ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងខ្មែរ តាមប្រព័ន្ធអនឡាញ ដោយមានគ្រូបណ្តុះបណ្តាល និងអ្នកជំនាញឧស្សាហកម្ម ជាអន្តរជាតិ៕