(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់កម្មករ និយោជិត និងប្រជាពលរដ្ឋទៅតាមបណ្តាខេត្ត ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យការងារនេះទទួលបានជោគជ័យ ទៅតាមអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
គួរជម្រាបថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋបានទៅស្រុកកំណើតចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ប្រមាណ៣៥០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដោយបានបែងចែងជា១០ទីតាំង នៅក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានជំុរញឲ្យមន្ត្រីពាក់ព័ន្ធ ដែលអនុវត្តការងារនេះ ត្រូវបំពេញកាេងារនេះឲ្យបានល្អ ជាមួយនឹងការបើកបរដោយការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្ថិភាពជូនពួកគាត់ ទាំងទៅ និងមកភ្នំពេញវិញ ហើយត្រូវដឹកជញ្ជូនពួកគាត់ដោយមិនមានការរើសអើង។ ដោយឡែក ចំពោះអាជ្ញាធរខណ្ឌ ដែលមានចំណតនៅក្នុងមួលដ្ឋានរបស់ខ្លួនត្រូវចុះពិនិត្យ និងសម្រួលលើការងារនេះ ដោយរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ៕